(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ បានក្រើនរំលឹកជាថ្មីដល់បងប្អូនប្រជាពលរដ្ឋខ្មែរ បើចង់ចាកចេញពីប្រអប់កូវីដ១៩ និងអាចត្រឡប់ទៅរកភាពប្រក្រតីជាថ្មី ទាមទារការចូលរួមរបស់បងប្អូន បន្តអនុវត្តនូវវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការ ៣ការពារនិង ៣កុំ ឲ្យបានត្រឹមត្រូវ និងទៀងទាត់ សម្រាប់ជីវិតប្រចាំថ្ងៃ។

លោកស្រីសង្ឃឹមថាការរៀនសូត្រដោយអនុវត្តន៍ដោយប្រុងប្រយ័ត្ន នូវវិធានការចាំបាច់នានា នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ត្រឡប់ទៅរស់នៅក្នុងភាពប្រក្រតីឡើងវិញ។

តាមរយៈសារដែលបង្ហោះនៅលើ Twitter លោកស្រី ឱ វណ្ណឌីន បានលើកឡើងយ៉ាងដូច្នេះថា «សង្ឃឹមថាយើងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗ នៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារនិង ៣ កុំ បានត្រឹមត្រូវ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការរៀនសូត្រដោយការអនុវត្តន៍ ដោយប្រុងប្រយ័ត្ននូវវិធានការការពារចាំបាច់នានា អនុញ្ញាតឱ្យយើងវិលត្រឡប់មករកភាពប្រក្រតីភាពថ្មី ដោយបើកដំណើរការអាជីវកម្មដោយសុវត្ថិភាព»

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញគម្រោងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញគ្រប់វិស័យ បើសិនមិនមានផ្ទុះការឆ្លងជំងឺកូវីដ១៩ រយៈពេល១០ ទៅ១៥ថ្ងៃក្រោយភ្ជុំបិណ្ឌទេនោះ។ ប៉ុន្តែត្រូវបន្តរស់តាមគន្លងថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ ៣ការពារ» និងវិធានការនានារបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៤,៣៥១នាក់, អ្នកជាសះស្បើយសរុបចំនួន១០៦,៨៣៩នាក់, ស្លាប់សរុបចំនួន២,៤៥៩នាក់។

ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវិញ គិតត្រឹមយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៤៦៨,២៩៦នាក់ ស្មើនឹង៨៤.១៨ភាគរយនៃប្រជាជនសរុប១៦លាននាក់៕