(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ បានរំលឹកដល់ភាពកំសត់នៃថ្ងៃកំណើតកូនរបស់សម្តេច ក្នុងសម័យសង្គ្រាម ដែលកើតមកមិនមានឪពុកនៅក្បែរ បន្ទាប់ពីបានឃើញសាររបស់ចៅម្នាក់ ដែលជាកូនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។

តាមបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភ្ញាក់ពីដំណេកឃើញចៅប្រុសទី២០ ផ្ញើរូបថតនិងសារសម្លេងមកថា (លោកតាចៅផ្ញើរូបថតជូនតាមើល តើចៅស្អាតឬទេ? ថ្ងៃនេះជាខួបកំណើតចៅ)។

សម្តេចបានបន្តទៀតថា មើលរូបថត និងស្តាប់សារសម្លេងចៅហើយ នឹកឃើញដល់ឆ្នាំ១៩៧៧ នៅពេលនៅពេលឪពុករបស់គេកើតឡើង គ្មានឪពុកនៅក្បែរ គ្មានចំណីអាហារសម្លឹងឃើញតែទឹកភ្នែកម្តាយមានឈ្មោះជាកូនក្បត់អង្គការ។ ពេលជួបឪពុកហើយហៅឪពុកថាជាពូរហូតដល់២ខែ។

សម្តេចបានបន្តថា ខួបកំណើតរបស់ចៅគម្រប់៣ឆ្នាំ ចូល៤ឆ្នាំ ពិតមែនតែស្ថិតក្នុងដំណាក់ការកូវីដ មិនអាចមកជួបជីដូនជីតាបាន តែចៅនៅតែមានភាពប្រសើរជាងឪពុករបស់ចៅ ដែលកើតក្នុងគុគឥតជញ្ជាំង។ ជូនពរចៅជួបតែសេចក្តីសុខសេចក្តីចំរើន៕