(ភ្នំពេញ)៖ រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញសារនៅលើបណ្តាញសង្គមផ្លូវការរបស់លោក ដែលជាសារឆ្លើយតបនឹងទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី ដែលបានលើកអំពីការកំណត់អាយុ និងអាណត្តិតំណែងនាយករដ្ឋមន្រ្តី។

លោកបណ្ឌិត បានលើកឡើងថា សូម្បីសហរដ្ឋអាមេរិកប្រទេសបិតាប្រជាធិបតេយ្យ អ្នកនយោបាយមិនត្រូវបានកំណត់អាយុចូលនិវត្តន៍ទេ ខណៈលោក ចូ បៃដិន ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក មានអាយុ៧៨ឆ្នាំពេលចូលកាន់តំណែង។ ដោយឡែកក្នុងប្រទេសដែលអនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋបែបសភានិយម មិនដែលកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ ព្រោះប្រជាពលរដ្ឋមិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទេ។

ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា៖

កាន់តែលូក កាន់តែលង់...!
១៖ «ប្រសិនបើ» ជាប្រយោគលក្ខខណ្ឌ ដែលមានន័យប្រហាក់ប្រហែលនឹងការសន្យា, ហើយការសន្យាថ្មីៗបំផុត គឺការសន្យាមាតុភូមិនិវត្តន៍។ ចាប់តាំងពីឆ្នាំ១៩៩៥មក មានការសន្យារាប់មិនអស់ដែលមិនត្រូវបានបំពេញ។

២៖ មន្ត្រីមុខងារសាធារណៈត្រូវចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ។ អ្នកនយោបាយមិនត្រូវបានកំណត់អាយុចូលនិវត្តន៍ទេ រាប់ទាំងនៅសហរដ្ឋអាមេរិកផង ដែលគេចាត់ទុក ជាប្រទេសបិតាប្រជាធិបតេយ្យនោះ។ លោក ចូ បៃដិន ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក មានអាយុ៧៨ឆ្នាំពេលចូលកាន់តំណែង។ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជន ឱ្យ មានឱកាសបង្ហាញសមត្ថភាពនិងស្នាដៃ ក្នុងការបម្រើប្រទេសជាតិ គេបានបញ្ចូលកម្លាំងយុវជនឬឈាមថ្មីទៅក្នុងស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ និងគ្រប់សសៃឈាមនៃសង្គម។

៣៖ ក្នុងប្រទេសដែលអនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋបែបសភានិយម គេមិនដែលកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ ព្រោះប្រជាពលរដ្ឋមិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទេ គឺ បោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ ហើយអ្នកតំណាងរាស្ត្រជាអ្នកបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនាយកដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីទាំងមូល។ ចំពោះប្រព័ន្ធបោះឆ្នោត គឺអាស្រ័យលើប្រទេសនីមួយៗជាអ្នកំណត់ដោយខ្លួនឯង។ ករណីកម្ពុជា គឺអនុវត្តប្រព័ន្ធសមាមាត្រ ដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្ស ហើយគណបក្សជាអ្នកកំណត់បេក្ខជន តំណាងរាស្ត្រ។ រីឯនរណាជាបេក្ខជននាយករដ្ឋមន្ត្រីគឺអាស្រ័យគណបក្សនីមួយៗជាអ្នកកំណត់ដោយខ្លួនឯង។ នៅពេលដែលគណបក្សណាមួយទទួលបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា គណបក្សនោះមានសិទ្ធិរៀបចំរដ្ឋាភិបាលដោយអនុលោម ទៅតាមរដ្ឋធម្មនុញ្ញនិងលិខិតបទដ្ឋានជាធរមាន។

ថ្វីបើច្បាប់មនុស្សជាអ្នកបង្កើត តែមនុស្សត្រូវតែគោរពច្បាប់ បើមិនគោរព ច្បាប់ មិនមែនជាមនុស្សទេ។ ក្នុងសាច់ការជាក់ស្តែងច្បាប់ឈរនៅលើឧត្តមគតិ នៃមិតភាគច្រើន, នេះជាសារជាតិនៃលទ្ធិប្រជាធិបតេយ្យ។ ក្នុងប្រទេសប្រជាធិបតេយ្យខ្លះ គ្រាន់តែចង់ដាក់ទណ្ឌកម្មប្រទេសណាមួយដែលមិនស្តាប់បង្គាប់ខ្លួន ក៏ ធ្វើច្បាប់ដាក់ទណ្ឌកម្មគេដែរ, ចុះហេតុអ្វីក៏ប្រទេសអធិបតេយ្យមួយ មិនអាចធ្វើច្បាប់ដើម្បីការពារនិរន្តរភាពជាតិ សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យ បូរណភាពទឹកដី ឯកភាពជាតិ វិបុលភាព និងការអភិវឌ្ឍរបស់ខ្លួនបាន?