(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្រ្តៃយ៍, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ក្រៅពីនេះគឺមានថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានី-ខេត្ត ជាសមាជិក។

សេចក្តីសម្រេចរាជរដ្ឋាភិបាលនេះ គឺអនុលោមតាមខ្លឹមសារអនុក្រឹត្យលេខ ១២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ការបង្កើតគណៈកម្មាធិការនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតក្នុងឆ្នាំ២០១៧ នូវក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានលោករដ្ឋមន្រ្តី ថោង ខុន ជាប្រធាន ហើយដែលក្រុមការងារអន្តរក្រសួងក្រោមការដឹកនាំរបស់លោក ថោង ខុន បានសម្រេចការងារជាច្រើន ដូចជាការអនុម័តដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) ការរៀបចំវេទិកាជាតិអេកូទេសចរណ៍ចំនួន២លើក ការកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកាប្រចាំឆ្នាំជា «ទិវាជាតិអេកូទេសចរណ៍» រួមជាមួយការដោះស្រាយបញ្ញាជាក់ស្តែងជាច្រើនទៀតរបស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។

តាមរយៈយន្តការគណៈកម្មាធិការជាតិនេះ បញ្ហាប្រឈមនានារបស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នឹងត្រូវជំរុញដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀត៕

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល៖