(ថៃ)៖ ក្នុងដំណើរបំពេញការងារនៅក្នុងប្រទេសថៃ លោកបណ្ឌិតសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារមួយចំនួនជាមួយ លោកស្រី នួន ផានឡាំសាំ គណៈគ្រប់គ្រង និងជាប្រធានក្លឹបបាល់ទាត់ជំរេីសជាតិថៃ ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងវិស័យឯកជនថៃក្នុងវិស័យកីឡាបាល់ទាត់ ក្នុងន័យលើកកម្ពស់វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។

ក្នុងឱកាសនោះ លោកបណ្ឌិត សុខ សុក្រឹត្យា និងលោកស្រី នួន ផានឡាំសាំ (លោកស្រី ប៉េង) បានថ្លែងអំណរគុណគ្នាទៅវិញទៅមក ក្នុងការផ្តល់ពេលវេលា និងទីកន្លែងដ៏សមរម្យ និងបានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងបានស្នើភាគីថៃបន្តរក្សា និងបង្កើនទំនាក់ទំនងល្អនេះយូរអង្វែងតទៅ ជាពិសេស ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀតរវាងអ្នកនយោបាយខ្មែរ-ថៃ ជំនាន់ថ្មីដែលជាអ្នកបន្តវេន។

លោកបណ្ឌិត សុខ សុក្រឹត្យា និងលោកស្រី នួន ផានឡាំសាំ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកអំពី បទពិសោធន៍ក្នុងការរៀបចំចងក្រងក្រុមកីឡាបាល់ទាត់នារី។ ក្នុងនោះលោកបណ្ឌិត សុខ សុក្រឹត្យា បានបង្ហាញក្តីសង្ឃឹមក្នុងការបង្កើតក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានាពេលខាងមុខ។

លោកស្រី នួន ផានឡាំសាំ បានចែករំលែកបទពិសោធន៍ថា ការជ្រើសរើសចងក្រងជាក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារី ទាមទារពេលវេលា និងការអត់ធ្មត់ខ្ពស់។ កិច្ចសហការក្នុងវិស័យកីឡាទេសចរណ៍រវាងកម្ពុជា-ថៃ និងកិច្ចការចាំបាច់ដទៃទៀតនឹងនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំងពីរដែលជាប្រទេសជាប់ព្រំដែនគ្នា និងជាមិត្តជិតខាងដ៏ល្អ ដែលរួមកសាងប្រទេសជាតិជាមួយគ្នា។

ក្នុងឱកាសនៃជំនួបនោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណ លោកស្រី នួន ផានឡាំសាំ ដែលបានផ្តល់កិត្តិយស និងស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រតិភូកម្ពុជា។ លោកមបណ្ឌិត សុខ សុក្រឹត្យា បានជម្រាបជូនលោកស្រី និងសហការី អំពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាព នយោបាយ និងសេដ្ឋកិច្ច-សង្គម។

លោកបណ្ឌិត ក៏បានជម្រាបពីភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា លើការកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានជាង ១៣លាននាក់ហើយ។

លោកបណ្ឌិត បានជម្រាបពីគម្រោងបើកទេសចរណ៍វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាផងដែរ៕