(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិខ្មែរតែមួយ។ តាមរយៈបណ្តាញព័ត៌មាន Fresh News, លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថា នេះជាសកម្មភាពដ៏ចាំបាច់បំផុត និងទាន់ពេលវេលា ដើម្បីកុំឲ្យជនក្បត់ជាតិ ដែលមានសញ្ជាតិ២ ឬ៣ បានដឹកនាំប្រទេសជាតិយើង។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរជាទីបំផុតនូវការអនុម័តរបស់គណៈរដ្ឋមន្ត្រីយើង អំពីការស្នើកែរដ្ឋធម្មនុញ្ញជាតិយើង ដើម្បីឲ្យអ្នកដឹកនាំស្ថាប័នកំពូល នីតិបញ្ញត្តិ ដូចជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងនីតិប្រតិបត្តិ ជានាយករដ្ឋមន្ត្រី ដែលមានសញ្ជាតិតែមួយគត់ ដើម្បីដឹកនាំជាតិយើង។ ខ្ញុំយល់ថា ការកែប្រែរដ្ឋធម្មនុញ្ញយើងនេះ ជាការចាំបាច់បំផុត ហើយមិនមែនឥឡូវទេ គឺគួរតែមានតាំងពីយូរមកហើយ ចាប់តាំងពីមានពួកប្រឆាំង និងពួកក្បត់ជាតិ ចង់ដឹកនាំប្រទេសជាតិយើង ដែលមានសញ្ជាតិ២ ឬ៣»

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងនោះ បានរំលឹកថា លោកធ្លាប់ធ្វើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីថ្វាយទៅព្រះមហាក្សត្រ អនុញ្ញាតដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបានសញ្ជាតិបរទេស។ ក្នុងនោះ ប្រទេសខ្លះតម្រូវឲ្យបោះបង់សញ្ជាតិមួយចោលសិន បើសិនជាចង់បានសញ្ជាតិរបស់គេ ខណៈដែលពួកគេជាប្រជាជនធម្មតា ពោលគឺមិនមែនជាថ្នាក់ដឹកនាំកំពូលផង។

សូមជម្រាបថា ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើឡើងបន្ទាប់ពី បន្ទាប់ពីមេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ខុសពីការពិតថា សម្តេចតេជោ ហ៊ុន សែន បានទិញសញ្ជាតិពីប្រទេសសាយប្រឺស (Cyprus)។

ក្រោយមានការបំភ្លៃបែបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»