(ភ្នំពេញ)៖ ជាកិត្តិយសដ៏ឧត្តុងឧត្តមមួយសម្រាប់កម្ពុជា ដែលលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីវិបុលភាពរួម» នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) ដែលសហការរៀបចំដោយរដ្ឋាភិបាលនៃប្រទេសបាបេដូស (Barbados) និងអង្គការ UNCTAD នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមប្រព័ន្ធវីដេអូ។

សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះ គឺជាកិច្ចប្រជុំកំពូលរបស់អង្គការ UNCTAD ដែលធ្វើឡើងរយៈពេល ៤ឆ្នាំម្ដង ដោយមានការចូលរួមពីសមាជិកអង្គការ UNCTAD ចំនួន ១៩៥ប្រទេស និងអង្គការអន្តរជាតិ និងតួអង្គដទៃទៀត ដើម្បីពិភាក្សា និងរកដំណោះស្រាយដល់ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។

ក្នុងនាមជាវាគ្មិនជាន់ខ្ពស់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា បានលើកឡើងពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce)។ ការផ្លាស់ប្តូរនេះ កំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូ ធនតូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ និងពង្រឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការពាក់ព័ន្ធនានា ដើម្បីពន្លឿនការអភិវឌ្ឍវិស័យនេះឱ្យបានជោគជ័យ ប្រកបដោយចីរភាព និង បរិយាបន្ន។

តែទោះជាយ៉ាងណាលោករដ្ឋមន្ត្រី បានរំលេចពីបញ្ហាមួយចំនួនថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល បានពង្រីកគម្លាតឌីជីថលរវាងប្រទេសអភិឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួចឱ្យកាន់តែធំ។

ដើម្បីឆ្លើយតបបញ្ហានេះ លោករដ្ឋមន្ត្រី ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយប្រទេស ជាដៃគូពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធនានា រួមមានអង្គការ UNCTAD ជាអ្នកមានតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍ និងការទទួលបានផលប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងប្រព័ន្ធច្បាប់ និងគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាព ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមើលឃើញពីចក្ខុវិស័យវែងឆ្ងាយក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០។ លោករដ្ឋមន្ត្រីបន្តថា ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលផងដែរ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលនឹងរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារ និងជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ក្រោយពីវិបត្តិនៃការឆ្លងរាតត្បាតជាសកលនៃមេរោគកូវីដ-១៩។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានលើកបង្ហាញនូវយុទ្ធសាស្ត្រ និងកិច្ចប្រឹងប្រែងមួយចំនួនទៀតរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចបែបឌីជីថល។

ក្នុងឱកាសនោះលោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ដែរថា កម្ពុជាមានជំហរមុតមាំក្នុងការចូលរួមកិច្ចសហប្រតិបត្តិការជាមួយ UNCTAD និងប្រទេសជាសមាជិក និងអំពាវនាវឲ្យ UNCTAD បន្តជួយគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជា លើការពង្រឹងសមត្ថភាពផលិត ការអភិឌ្ឍន៍សមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងជំនាញបច្ចេកទេស ផងដែរ តាមរយៈការផ្ដល់ជំនួយសម្រាប់ពាណិជ្ជកម្មបន្ថែម៕