(កណ្ដាល)៖ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ ខេត្តកណ្ដាលទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចំនួន ២៥,១៤៩នាក់ និងអន្តរជាតិមានចំនួន៧២នាក់ ធៀបនឹងឆ្នាំ២០២០ មានការថយចុះប្រមាណ៦០ភាគរយ។

លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល បានឱ្យដឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះថា នៅក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ មានភ្ញៀវទេសចរជាតិសរុបចំនួន ២៥,១៤៩នាក់ និងអន្តរជាតិចំនួន ៧២នាក់ បានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកណ្តាល។ សំរាប់ឆ្នាំ២០២១នេះ ភ្ញៀវទេសចរណ៍ជាតិថយចុះចំនួន ៥៩.៨៦% និងភ្ញៀវអន្តរជាតិថយចុះ ៥.២៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០កន្លងទៅ។

លោក ជួប សោភ័ណ្ឌ បន្តថា អត្រាថយចុះនៃចំនួនភ្ញៀវទេសចរក្នុងដំណើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ គឺដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ដែលមានហានិភ័យខ្ពស់ ម្យ៉ាងទៀតប្រជាពលរដ្ឋមានការយល់ដឹងបានខ្ពស់ ក្នុងឆ្លងនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta ដើម្បីកុំឱ្យមាន ការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ ដោយពលរដ្ឋភាគច្រើនមិនចេញដំណើរកម្សាន្តតាមតំបន់ទេសចរណ៍ និងតាមរម្មណីយ៍ដ្ឋាននោះទេ។

លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរដែនដី និងតាមរមណីយដ្ឋាន និងភោជនីយដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕