(សៀមរាប)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុក «ផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម» និងជាប្រធានមូលនិធិមនុស្សធម៌ ដើម្បីសាសនា និងសង្គម នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បាននាំយកបច្ច័យចំនួន ១,៥០០,០០០រៀល ប្រគេនជូនព្រះគ្រូ ណម នី ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ ក្នុងវត្តពោធិលង្កា ក្រុងសៀមរាប ក្រោយវត្តត្រូវបិទដោយសាររកឃើញព្រះសង្ឃ កូនសិស្ស តាជីយាយជី ចំនួន៧១អង្គ/នាក់ កើតជំងឺកូវីដ១៩។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ក៏បានគោរពប្រគេនពរជូនចំពោះព្រះសង្ឃ កូនសិស្ស តាជីយាយជី ចំនួន៧១អង្គ/នាក់ ដែលកើតជំងឺកូវីដ១៩ ក្នុងវត្តពោធិលង្កាឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ផងដែរ។ ជាមួយគ្នានោះព្រះសាសនសោភ័ណ ក៏បានប្រគេនថវិកា ១៥ម៉ឺនរៀល ដល់កងកម្លាំងប្រចាំការនៅវត្តនេះផងដែរ។

សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៤,៣៥១នាក់, អ្នកជាសះស្បើយសរុបចំនួន១០៦,៨៣៩នាក់, ស្លាប់សរុបចំនួន២,៤៥៩នាក់៕