(រតនគិរី)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្តរតនគិរីមានចំនួន ៧,៥៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ មានការធ្លាក់ចុះ៤៤.០២ភាគរយ ក្នុងនោះភ្ញៀវទេសចរជាតិមានការធ្លាក់ចុះ ៤៣.៥៣ភាគរយ និងភ្ញៀវអន្តរជាតិមានការធ្លាក់ចុះ៧៦.២៦ភាគរយ ខណៈភ្ញៀវទេសចរជាតិ-អន្តរជាតិឆ្នាំ២០២០ សរុបចំនួន ១៣,៥៤៥នាក់នាក់។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះថា មូលហេតុ នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកំសាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២១ គឺមកពីកត្តានៃការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ និងកត្តាសេដ្ឋកិច្ចព្រមទាំងកត្តាអាកាសធាតុផងដែរ ពីព្រោះរយៈពេល៣ថ្ងៃ នៃការឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តរតនគិរីមានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នា។

លោកបានបញ្ជាក់ថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងតាមរមណីយដ្ឋាន និងភោជនីយដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែកចំពោះឥរិយាបទភ្ញៀវសង្កេតឃើញថា ពួកគាត់ភាគច្រើនបានប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ និងរក្សាគម្លាតបានត្រឹមត្រូវ។ ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕