(ពោធិ៍សាត់)៖ មានការភ្ញាក់ផ្អើលមួយ ដោយប្រទះឃើញនារីម្នាក់ ត្រូវបានគេសម្លាប់ដាក់ក្នុងបង្វិចភួយ បម្រុងដឹកដាក់លើម៉ូតូទៅទម្លាក់ចោល តែត្រូវមេការផ្ទះសំណាក់ឃើញទាន់ក៏ឃាត់ តែជនសង្ស័យភ័យស្លន់ស្លោរ រួចរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង៨ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះសំណាក់យីហោ «យ៉ិនស៊ិនថ្មី» ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បើតាមការរៀបរាប់ពីមេការផ្ទះសំណាក់ខាងលើ បានឱ្យដឹងថា នាវេលាម៉ោងប្រហែល ៨យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មាននារីម្នាក់ អាយុប្រហែលជាង២០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរថ្មើរជើង មកជួលបន្ទប់លេខ៦ ដើម្បីដេកតែម្នាក់ឯង។ លុះដល់ម៉ោងប្រហែល៩យប់ ថ្ងៃខែឆ្នាំដដែល ក៏ឃើញមានមនុស្សប្រុសវ័យប្រហែលជាង២០ឆ្នាំដូចគ្នា បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ 1G-8098 មិនស្គាល់អត្តសញ្ញាណ បានជិះចូលក្នុងផ្ទះសំណាក់ សំដៅទៅបន្ទប់លេខ៦តែម្តង។

មេការផ្ទះសំណាក់រូបនេះបន្តថា លុះវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ គេបានឃើញទ្វាបន្ទប់លេខ៦ចំហរ ហើយបុរសជាជនសង្ស័យ បានទាញអូសបង្វិចភួយចំនួនមួយ ចេញពីក្នុងបន្ទប់ដាក់លើម៉ូតូ បម្រុងដឹកទៅប្លុងចោល។

ភ្លាមនោះរូបគេក៏បានស្រែកថា អានេះឯងយកអីអញដាក់លើម៉ូតូ? គ្រាន់តែឮភ្លាប់បុរសជាជនសង្ស័យ ក៏បានរត់ចោលម៉ូតូ ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវយឺតព័ណ៌ខ្មៅ មាឌតូច កម្ពស់ប្រហែល១.៦០ម៉ែត្រ ពាក់មួកកន្តិបហាយឡាយ ក្នុងទិសដៅទៅជើង តាមផ្លូវជាតិលេខ៥ រួចទៅកើត។ ក្រោយមករូបគេ ទើបដឹងថា ក្នុងបង្វិចភួយនោះ ជាសាកសព ក៏រាយការណ៍ទៅសមត្ថកិច្ចជំនាញជួយអន្តរាគមន៍តែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយក្រុមគ្រូពេទ្យជំនាញ ក្រោមការសម្របសម្រួលពីលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បាននឹងកំពុងចុះធ្វើកោសល្យវិច្ច័យ និងពិនិត្យសាកសពនៅកន្លែងកើតហេតុ ដើម្បីប្រកាសស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលក្រោយ៕