(ភ្នំពេញ)៖ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ប្រកាសគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិស្នេហាជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនមានសញ្ជាតិខ្មែរតែមួយ។

ក្នុងញត្តិគាំទ្រធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ក្នុងនាមជាអ្នកតំណាងប្រជាជាតិខ្មែរ ជាអ្នកការពារ និងទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិពិតប្រាកដ គឺមិនត្រូវលាយឡំ និងទទួលខុសត្រូវចំពោះជាតិដទៃក្នុងពេលតែមួយឡើយ។ ម្យ៉ាងវិញទៀតប្រវត្តិសាស្ត្របានបង្រៀនថា មានតែជនជាតិខ្មែរ ដែលតែងតែនៅជាមួយប្រជាជនខ្មែរ ឈរខាងប្រជាជនខ្មែរជាដរាបរៀងមក។

ក្នុងញត្តិនេះបានគូសរំលេចយ៉ាងដូច្នេះ «យើងខ្ញុំ សូមគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈមុតមាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានផ្ដួចផ្ដើមឱ្យមានការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់តំណែងកំពូលៗរបស់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចចិត្តដ៏អស្ចារ្យនេះ រួមផ្សំនឹងសកម្មភាព និងពលិកម្មរបស់សម្តេចកន្លងមក គឺបានបញ្ជាក់ឱ្យយើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកំពង់ចាម បានឃើញថា គឺសម្តេច តែងឈរនៅខាងប្រជាជនខ្មែរ ទទួលខុសត្រូវ និងការពារផល ប្រយោជន៍ជាតិខ្មែរ នៅគ្រប់កាលៈទេសៈ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»

សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេចរួចហើយក្នុងកិច្ចប្រជុំនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១៕