(ភ្នំពេញ)៖ អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា នៅថ្ងៃនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស កុំឱ្យចាញ់បោកការឃោសនាដ៏អកុសលបំផ្លើសការពិត របស់ក្រុមឧទ្ទាមរត់ចោលស្រុកថា ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិ២ នឹងមិនអាចធ្វើនយោបាយ ឬបម្រើជាតិបាន ក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញ។

តាមរយៈបណ្តាញសង្គម Facebook អ្នកនយោបាយរូបនវ បានពន្យល់ថា វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យ បេក្ខជននាយករដ្ឋមន្ត្រី បេក្ខជនប្រធានរដ្ឋសភា បេក្ខជនប្រធានព្រឹទ្ធសភា និងបេក្ខជនប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ ដែលជាគំនិតផ្តួចផ្តើមគិតគូរដ៏ជ្រៅជ្រះរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ឥតមានប៉ះពាល់អ្វីដល់ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្តខ្មែរ ដែលមានសញ្ជាត្តិ២ អ្នករៀនសូត្រមានសមត្ថភាព និងមានជំនាញរួចចង់វិលត្រឡប់មកមាតុភូមិវិញដើម្បីជួយកិច្ចការងារអភិវឌ្ឍន៍ប្រទេសជាតិនោះទេ ! ច្បាប់នោះ គឺសំដៅអនុវត្តន៍តែទៅលើ មេដឹកនាំបក្សនយោបាយ ឬអ្នកនយោបាយ ដែលមានបំណងឈរជាបេក្ខជនជាន់ខ្ពស់ប្រកួតយកដំណែងតួនាទីជាថ្នាក់ដឹកនាំកំពូលរបស់ជាតិទាំង៤ ដូចដែលនឹងបានកំណត់ក្នុងច្បាប់ប៉ុណ្ណោះ។

លោកបានគូសបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋ កូនចៅខ្មែរ ដែលមានសញ្ជាតិ ២ រស់នៅឬកើតនៅបរទេស និងដែលទទួលបានការសិក្សា មានជំនាញ មានសមត្ថភាព ហើយចង់វិលត្រឡប់មកប្រទេសដើមកំណើតមាតុភូមិកម្ពុជាវិញ ដើម្បីយកចំណេះនិងជំនាញមកបម្រើជាតិមាតុភូមិ រួមចំណែកកសាងអភិវឌ្ឍន៍ស្រុកនោះ គឺមិនមានច្បាប់ណាហាមឃាត់ទេ… ហើយក៏មិនតម្រូវឲ្យលះបង់ចោលលិខិតឆ្លងដែនបរទេស ឬក៏លាលែងពីសញ្ជាត្តិបរទេសដែរ ! ពោលគឺបងប្អូនខ្មែរដែលមានសញ្ជាត្តិ ២ ទាំងអស់ទោះរស់នៅប្រទេសណាក៏ដោយ គឺនៅតែអាចវិលមករស់នៅ រកស៊ី ធ្វើការនៅប្រទេសកម្ពុជា ដែលជាមាតុភូមិសន្តិភាពរបស់ខ្លួនបានដដែល»

លោក សួន សេរីរដ្ឋា បានបន្តថា ចំពោះច្បាប់កំណត់ឲ្យមានសញ្ជាត្តិតែមួយ នៃបេក្ខជនជាអ្នកដឹកនាំស្ថាប័នជាតិកំពូលទាំង ៤ រូបនោះ មិនមែនមានតែប្រទេសកម្ពុជា ឬកម្ពុជាយើងជាប្រទេសដែលបង្កើតច្បាប់នេះឡើងមុនគេទេ ! នៅសហរដ្ឋអាមេរិក អ្នកដែលអាចឈរជាបេក្ខជនប្រធានាធិបតីអាមេរិកបាន លុះតែមានសញ្ជាតិតែមួយហើយត្រូវកើតក្នុងទឹកដីដែនដីរបស់អាមេរិកថែមទៀត។ នៅក្នុងតំបន់អាស៊ានយើង លោកស្រី អ៊ុងសាន ស៊ូជី នៅប្រទេសភូមា ពេលគណបក្សរបស់លោកស្រីជាប់ឆ្នោត ក៏លោកស្រីមិនអាចធ្វើជាប្រធានាធិបតីភូមា បានដែរព្រោះមានច្បាប់ការពារមិនឲ្យជនសញ្ជាតិ ២ កាន់ដំណែងកំពូលនេះ ! ហើយនិងនៅប្រទេសថៃជិតក្បែយើងនេះ កុំថាឡើយដល់ទៅបេក្ខជនកំពូលដែលត្រូវទៅកាន់ដំណែងជាមេដឹកនាំកំពូលនៃស្ថាប័នជាតិ សូម្បីតែមន្ត្រីរាជការអ្នកធ្វើការរដ្ឋធម្មតា ក៏តម្រូវឲ្យបោះបង់ចោលលិខិតឆ្លងដែនបរទេសចោលដែេ បើសិនជាមានសញ្ជាតិបរទេស។

«ដូច្នោះសូមបងប្អូនខ្មែរដែលរស់នៅបរទេស ដែលមានសញ្ជាតិ ២ ទាំងអស់កុំចាញ់បោកការឃោសនាអកុសល់ បំភ្លៃបំផ្លើស លើសពីការពិតដែលក្រុមពួកខ្ចាត់ខ្ចាយរត់ចោលស្រុកនេះ កំពុងភូតភរកុហក់បោកប្រាស់បងប្អូនឲ្យសោះ ! រាជរដ្ឋាភិបាលកម្ពុជា ក្រោមអគ្គមគុទ្ទេសក៏ដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចតេជោ ហ៊ុន សែន នៅតែត្រូវការធនធានមនុស្សខ្មែរមកពីគ្រប់ទិសទី ដើម្បីរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនជឿនលឿននិងរុងរឿង ដើម្បីប្រកួតប្រជែងសេដ្ឋកិច្ច បច្ចេកវិជ្ជា និងធនធាន ជាមួយប្រទេសដ៏ទៃលើពិភពលោក»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក សួន សេរីរដ្ឋា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ គណៈរដ្ឋមន្រ្តីកម្ពុជា បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដោយពិភាក្សា និងអនុម័តលើសេចក្តីព្រាង ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់សញ្ជាតិប្រធានស្ថាប័នកំពូលៗរបស់កម្ពុជា។

ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»