(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចណ៍ នៅទូទាំងប្រទេសបានកើតឡើង៣៥លើកបណ្តាលឱ្យមនុស្សស្លាប់១៤នាក់ និងរបួស៦៤ នាក់ (របួសធ្ងន់៤៣នាក់)។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ចំនួនអ្នករបួស និងស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។

អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ត្រូវនឹងថ្ងៃទី១ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ នៅទូទាំងប្រទេសកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន៩លើក បណ្តាលឲ្យស្លាប់៥នាក់ និងរបួស១៨នាក់។ នៅថ្ងៃទី៦ ខែតុលា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១១លើក បណ្តាលឲ្យស្លាប់៣នាក់ និងរបួស២២នាក់។ ចំណែកថ្ងៃទី៧ តុលានេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥លើក បណ្តាលឱ្យមានមនុស្សស្លាប់៦នាក់ និងរបួស២៤នាក់។

សម្រាប់មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតមានក្នុងពេលភ្ជុំបិណ្ឌនេះ បង្កឡើងច្រើនជាងគេដោយសារបើកបរលើសល្បឿកំណត់ បើកបរមិនគោរពសិទ្ធិ វ៉ាប្រជែង គ្រោះថ្នាក់បត់ គ្រោះថ្នាក់ និង ដោយសារអ្នកបើកបរមានសារធាតុស្រវឹង ។

គួររំលឹកថា កាលពីរដូវបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ កាលពីឆ្នាំ២០២០ ត្រូវនឹងថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសសម្លាប់មនុស្ស១៥នាក់ និងរបួស៦២នាក់ ៕