(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នឹងចាប់រឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរផ្លូវគោក និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩ ក្នុងឱកាសដែលប្រជាពលរដ្ឋសម្រុកចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត និងធ្វើដំណើរកម្សាន្ត ក្នុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។

ការប្រកាសពីការរឹតបន្តឹងច្បាប់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដែលចូលរួមដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

លោក សាំ ពិសិដ្ឋ បានលើកឡើងថា៖ «ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា នៃថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋនឹងសម្រុកចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតមានការកើនឡើងខុសពីធម្មតា។ ដូច្នេះបង្កឲ្យមានការកើននូវគ្រោះថ្នាក់ចរាចរ ជាពិសេសបង្កឲ្យមានការឆ្លងរាលដាលនៃជំងឺ កូវីដ១៩ រវាងភ្នំពេញ និងបណ្តាខេត្តក្រុងដទៃទៀត។ ជាមួយគ្នានេះ អ្នកបើកបរទាំងឡាយទាំងម៉ូតូ និងរថយន្តត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនត្រូវដឹកអ្នកដំណើរ ឬសម្ភារៈ ទំនិញផ្សេងៗលើសទម្ងន់ សំពីងសំពោងជាដើម»

លោក សាំ ពិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្ដយ៉ាងម៉ឺងម៉ាត់ការចរាចរណ៍នៅលើដងផ្លូវ ឲ្យមានសុវត្ថិភាពល្អ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែអនុវត្ដវិធានការសុខាភិបាល (៣កុំ ៣ការពារ) »

លោកក៏បានគូសបញ្ជាក់ផងដែរថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានការបារម្ភខ្ពស់ណាស់ នូវគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែមានការធ្វើដំណើរច្រើន នៅលើដងផ្លូវ។ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការចូលរួមឲ្យបានកុះករ ដោយធ្វើយ៉ាងណា ឲ្យការធ្វើដំណើរមិនឲ្យមានការដឹកលើសចំណុះ និងត្រូវតែអនុវត្ដវិធានការសុខាភិបាល។

លោក សាំ ពិសិដ្ឋ បានបន្ដទៀតថា នៅលើដងផ្លូវ សូមមេត្ដាកុំបើកវ៉ាជែងគ្នា ដោយត្រូវបើកបរឲ្យត្រូវទៅតាមគន្លង។ ដោយឡែកចំពោះម៉ូតូ សូមគោរពឲ្យបានខ្ជាប់ខ្ជូន នូវច្បាប់ចរាចរណ៍ ដោយរាល់ការបើកបរត្រូវតែប្រកាន់ស្ដាំ និងមិនត្រូវបើកចូលកណ្ដាលជាដាច់ខាត។

បន្ថែមពីនោះទៀត លោក សាំ ពិសិដ្ឋ បានប្រាប់ឲ្យដឹងថា គ្រប់យានយន្ដទាំងអស់ ត្រូវតែពិនិត្យមើលលក្ខណៈបច្ចេកទេស ឲ្យបានច្បាស់ជាមុនសិន មុននឹងចេញដំណើរ ជៀសវាងគ្រោះថ្នាក់ ជាពិសេសត្រូវតែគោរពច្បាប់ចរាចរណ៍ និងគោរពល្បឿនដែលបានកំណត់ ហើយបើកបរត្រូវប្រុងប្រយ័ត្នខ្ពស់ និងមានការយោគយល់។

ឧត្តមសេនីយ៍ទោ ចេវ ហាក់ បានគូសបញ្ជាក់ថា គោលដៅសំខាន់ គឺអ្នកបើកបរ និងអ្នកដំណើរ ត្រូវចេះការពារអាយុជីវិតពីគ្រោះថ្នាក់ចរាចរណ៍ផង និងចេះការពារខ្លួនពីជំងឺកូវីដ១៩ផងដែរ។ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមត្ថកិច្ចអនុវត្តយ៉ាងម៉ឺងម៉ាត់សំដៅធ្វើយ៉ាងណាការពារសុវត្ថិភាពសាធារណៈ លើការត្រួតពិនិត្យរឹតបន្តឹងទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ជាដើម។

ឧត្តមសេនីយ៍ត្រី ចេវ ហាក់ បញ្ជាក់ថា ក្នុងឱកាសឈប់សម្រាកនេះ កម្លាំងនគរបាល បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការទប់ស្កាត់ ការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញផងដែរ។

លោកថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អាជ្ញាធរខណ្ឌទាំង១៤ នៅតែអនុវត្ដជាប្រចាំក្នុងការត្រួតពិនិត្យ និងរឹតបន្ដឹងច្បាប់ នៅក្នុងរាជធានីភ្នំពេញ៕