(ភ្នំពេញ)៖ បូរី កាំងម៉េង បានជូនដំណឹងដល់អតិថិជនរបស់ខ្លួន ដែលបានទិញដីឡូតិ៍ សម្រាប់សាងសង់ផ្ទះ ឲ្យទំនាក់ទំនងទៅបូរីផ្ទាល់ ដើម្បីដោះស្រាយបញ្ហា ពោលគឺចៀសវាងចាញ់ការបោកប្រាស់ពីជនខិលខូចមួយចំនួន។ នេះបើតាមលិខិតជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែតុលា។

យោងតាមលិខិតជូនដំណឹងចំពោះអតិថិជន ដែលបានទិញដីឡូតិ៍សម្រាប់សាងសង់ផ្ទះវីឡាក្នុងបូរីកាំងម៉េង ពីការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបង្ករជាការភ័ន្តច្រឡំធ្ងន់ធ្ងរមកលើបូរីកាំងម៉េង គឺបញ្ជាក់ថា បូរីកាំងម៉េង ជាក្រុមហ៊ុនអភិវឌ្ឍន៍បូរី ដែលបានចុះបញ្ជីការតាំងពីឆ្នាំ២០០៧មក។ បូរីកាំងម៉េង មានប័ណ្ណកម្មសិទ្ធិដីធ្លី (ជាប្លង់រឹង) ត្រឹមត្រូវដែលមានគម្រោងអភិវឌ្ឍន៍ត្រឹមត្រូវតាមច្បាប់ ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយក្រសួង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

នៅពេលថ្មីៗនេះ មានបុគ្គលខិលខូចមួយចំនួនប្រើឈ្មោះជា អតិថិជនរាប់រយនាក់ក្នុងបូរីកាំងម៉េង ដោយបានបំប៉ោងព័ត៌មានថា បូរីកាំងម៉េង បានលក់ដីឡូតិ៍ជាង១០ឆ្នាំឱ្យខ្លួន ដោយមិនផ្ទេរប្លង់កម្មសិទ្ធិដីធ្លីត្រឹមត្រូវ។

«យើងខ្ញុំសូមបញ្ជាក់ និងរំលឹកឡើងវិញផងដែរថា ចាប់តាំងពីដំណើរការ រហូតមកទល់ពេលបច្ចុប្បន្ននេះ បូរីកាំងម៉េង គ្មានហេតុផលណា កាក់ ឬបង្អាក់ប្លង់ផ្ទេរកម្មសិទ្ធិដីធ្លីជូនអតិថិជនណាដែលបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនពេញលេញ ឬបង្អាក់សកម្មភាព អតិថិជនខ្លួនក្នុងការធ្វើការស្នើសុំផ្ទេរកម្មសិទ្ធិដីធ្លី បូរីកាំងម៉េង លើកលែងតែអតិថិជន ដែលមិនអនុវត្តកាព្វកិច្ចបង់ប្រាក់ថ្លៃទិញដីត្រឹមត្រូវ ឬគេចវេសមិនសហការជាមួយបូរីកាំងម៉េងជាដើម»។ នេះបើតាមលិខិត ជូនដំណឹងដដែល។

បូរី កាំង ម៉េង ក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយដែល ដែលបានបង្ខូចកេរ្តិ៍ឈ្មោះបូរីតាមគ្រប់រូបភាព។

ដើម្បីឱ្យជ្រាបច្បាស់អំពីព័ត៌មានពិតប្រាកដ ចៀសវាងចាញ់បោកតាមការញុះញ៉ង់របស់ជនខិលខូច បូរីកាំងម៉េង សំណូមពរអតិថិជន ទំនាក់ទំនងទៅកាន់ទីស្នាក់ការថ្មីរបស់បូរីកាំងម៉េង រៀងរាល់ម៉ោងធ្វើការ។ អាសយដ្ឋាន៖ អគារលេខ២៣ ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ៖ ០១៧ ៨៨៨ ៨១៦ / ០៧៧ ៣២២ ៣២២ ៕