(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំដល់ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ ឱ្យរួមគ្នាការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងអាជីវកម្មទេសចរណ៍ទាំងអស់ នាឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងសេចក្ដីណែនាំនេះ រដ្ឋមន្ត្រី ថោង ខុន បានណែនាំ និងក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពាក់ព័ន្ធ និងផ្នែកឯកជន រឹតបន្តឹងការអនុវត្តវិធានការ «៣កុំ និង ៣ការពារ» និងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ថែរក្សាបរិស្ថានអនាម័យ និងរក្សាតម្លៃឲ្យបានសមរម្យនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងអាជីវកម្មទេសចរណ៍ទាំងអស់ ខណៈដែលថ្ងៃឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌនេះអាចនឹងមានរយៈវែងពេញមួយសប្តាហ៍។

ក្នុងសេចក្ដីណែនាំដដែល រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ អាជីវកម្មទេសចរណ៍ដែលមិនអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាខាងលើ មន្ទីរទេសចរណ៍ត្រូវរំលឹកដាស់តឿន និងអប់រំម្ចាស់ ឬប្រធានគ្រប់គ្រងឲ្យបានច្រើនដង។

ករណីដែលនៅតែមិនអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវដដែលៗ មន្ទីរទេសចរណ៍មិនត្រូវអនុញ្ញាតឲ្យរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងអាជីវកម្មទេសចរណ៍ទាំងនោះ បើកដំណើរការក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះឡើយ៕

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍៖