(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំង ចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ ១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២។ ការសាទរ និងគាំទ្រ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលត្រូវបានកំណត់ជាផ្លូវការចំនួន ១៩៤ដុល្លារអាមេរិក ក្នុងមួយខែ។

បើតាមលោក សំ សឿន សមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និង ជាតំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានសម្តែងនូវការដឹងគុណ ជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់សុខទុក្ខកម្មករ និយោជិត និងប្រជាជននៅទូទាំងប្រទេស ដោយបានអនុញ្ញាតរៀបចំកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា បានចំនួន ១៩៤ដុល្លារ។

លោក សំ សឿន ក៏បានថ្លែងអំណរគុណជូនចំពោះ បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលនិងវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ចំពោះជីវភាព សុខមាលភាពដល់បងប្អូនកម្មករ ដោយដឹកនាំប្រជុំដោយផ្ទាល់កំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត ហើយក្នុងនាមសហជីព និង ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ទាំងអស់ និងបានគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលចំនួន ១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២ ខាងមុខ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួល អប្បបរមាឆ្នាំ២០២២ សម្រាប់កម្មករ វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ជាលក្ខណៈបច្ចេកទេស មិនមានការដំឡើងពីភាគី និយោជកទេ គឺរក្សាទុក ១៩២ដុល្លារ ដូចឆ្នាំមុនដដែល, តែសម្តេចតេជោ ហ៊ុន សែន បានបន្ថែម ២ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួល កម្មករសម្រាប់ ឆ្នាំ២០២២ខាងមុខ កើនដល់ ១៩៤ដុល្លារ។ លទ្ធផលនៃការចរចា ប្រាក់ឈ្នួលនេះ គឺបានមកពីការបោះឆ្នោត ត្រីភាគី នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានតួលេខ ៣ផ្សេងៗគ្នា គឺ១៨៨ដុល្លារ, ១៩២ដុល្លារ និង ២០៤ដុល្លារ។

បន្ទាប់ពីឆ្លងកាត់ការចរចាអស់រយៈពេល ៣ដំណាក់កាលកន្លងទៅ ហើយដែលមិនមានតួលេខណាមួយត្រូវបានឯកភាពគ្នា ទីបំផុតប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត នៃវិស័យវាយនភណ្ឌកាត់ដេរ និង ផលិតស្បែកជើង បានឈានមកដល់ការបោះឆ្នោត ដោយភាគីនិយោជកដាក់តួលេខ ១៨៨ដុល្លារ, ភាគីសហជីពមានតួលេខ ២០៤ដុល្លារ និង ភាគីរាជរដ្ឋាភិបាលដាក់តួលេខ ១៩២ដុល្លារ។

ជាលទ្ធផលមានសម្លេងគាំទ្រតួលេខប្រាក់ឈ្នួល ១៩២ដុល្លារ ដែលមានចំនួន ៤៥សម្លេង លើ ៥១សម្លេង សុទ្ធសឹងជាសម្លេងរបស់ភាគីរដ្ឋាភិបាល និងនិយោជក, ការគាំទ្រតួលេខ ២០៤ដុល្លារមានតែ៦សម្លេងប៉ុណ្ណោះ សុទ្ធសឹងជាសម្លេងសហជីពក្នុងចំណោមអ្នកសហជីពដែលអាចបោះឆ្នោតបាន ១៧រូប ខណៈដែលតួលេខ ១៨៨ដុល្លារ របស់និយោជកមាន ០ (សូន្យ) សម្លេងគាំទ្រ។

ចុងក្រោយនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនៅថ្ងៃនេះ ដោយយោងទៅលើហេតុផលនៃវិបត្តិជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ប្រាក់ ២ដុល្លារបន្ថែម ពីលើប្រាក់ឈ្នួលកម្មករ និយោជិត ១៩២ដុល្លារ ដែលធ្វើឱ្យកម្មករ និយោជិតនៃវិស័យកាត់ដេរ ទទួលបានប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២២ ចំនួន១៩៤ដុល្លារក្នុងមួយខែ ហើយចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។

ទោះបីតំណាងសហជីពខ្លះមិនពេញចិត្តនឹងតួលេខខាងលើក៏ដោយ តែក្រសួងការងារក៏បានបញ្ជាក់ថា ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករ និយោជិតធ្លាប់ទទួលបានកន្លងទៅ គឺត្រូវបានរក្សាទុកដដែល ដែលធ្វើឱ្យកម្មករ និយោជិតម្នាក់ អាចទទួលបានប្រាក់បៀវត្សរ៍ជាមធ្យមពី ២១១ដុល្លារ ទៅ ២២២ដុល្លារ ក្នុងមួយខែផងដែរ៕