(កំពង់ឆ្នាំង)៖ ដោយមើលឃើញប្រជានេសាទ នៅតែមាន ការលួចប្រើឧបករណ៍នេសាទ ខុសពីច្បាប់កំណត់ នៅក្នុងរដូវបិទនេសាទនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំសមត្ថកិច្ចជលផលចុះបង្ក្រាបរបាំងលបលូសាច់អួនវែងៗនៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៌។

លោក ងិន ហ៊ុន បានឲ្យដឹងថា ថ្ងៃនេះលោកបានដឹកនាំកម្លាំងសមត្ថកិច្ចជលផលចំនួន ១០នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់២គ្រឿង ចុះបង្ក្រាបការប្រើឧបករណ៍ល្មើស ច្បាប់ខាងលើនេះ នៅចំណុចក្បាលកោះទន្លា ក្នុងភូមិសា ស្ត្រ ឃុំប្រឡាយមាស ស្រុកកំពង់លែង និងចំណុចព្រែកកទា ចំណុចភូមិកំពង់ព្រះ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

លោកបន្តថា «ជារៀងរាល់ឆ្នាំនៅរដូវនេះសាទប្រជានេសាទ យើងមួយចំនួន តែងតែលួចប្រើប្រាស់ឧបករណ៍ផ្ទុយពីច្បាប់ ដូចជាការប្រើឧបករណ៍សាច់អួនក្រឡាខុសពីច្បាប់ កំណត់ ដាក់របាំងធ្វើជាធ្នួសលាតសន្ធឹងវែងលើសពី១០០ ម៉ែត្រ ដែលច្បាប់មិនអនុញ្ញាត។ ពិសេសគឺការលួចប្រើឧបករណ៍រស្បៃមុង ធ្វើជារបាំងលបលូ ដាក់ស្ទាក់ចាប់ត្រី ព្រោះឧបករណ៍នេះ គឺវាបានបំផ្លាញពូជមច្ឆាជាតិយើងធន់ធ្ងន់ណាស់»

ឆ្លៀតឱកាសនេះដែរ លោកក៏បានអំពាវនាវដល់ប្រជានេសាទមេត្តា អនុវត្តឲ្យបាននូវការប្រើឧប ករណ៍នេសាទ កុំប្រើនូវឧបករណ៍នេសាទណា ដែលច្បាប់ហាមឃាត់ ប្រសិនបើនៅតែមានការលួចប្រើនូវឧប ករណ៍នេសាទខុសច្បាប់ មន្ត្រីអនុវត្តច្បាប់នឹងមិនលើក លែងឲ្យបងប្អូនឡើយ។

ដោយឡែកលោក លី ឡា ដែលបានចូលរួមចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះដែរនោះ បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើ សនេសាទថ្ងៃនេះ ជាលទ្ធផលកម្លាំងជំនាញបានធ្វើការរុះរើបំផ្លាញចោលនៅ នឹងកន្លែង ដែលមានរបាំងលបសាច់អួនចំនួន ៧កន្លែង មានប្រវែង៣៥០ម៉ែត្រ, លបលូសាច់អួន១២ មាត់, បង្គោលចំនួន ១២០ដើម និងបានចាក់លែងត្រីចម្រុះចំនួន ១៥គីឡូ ចូលក្នុងទន្លេវិញផងដែរ៕