(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចំពោះការអភិវឌ្ឍវិស័យធនាគារ ការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលសម្រាប់កសាងធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា។

ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាស ទេសាភិបាលធនាគារជាតិនៃកម្ពុជាទទួលជួបប្រជុំជាមួយ ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ បន្ទាប់ពីបានបញ្ចប់ការបំពេញបេសកកម្មរយៈពេល ២សប្តាហ៍ចាប់ពីថ្ងៃទី១៣-២៧ ខែកញ្ញា ឆ្នាំ២០២១។

ការបំពេញបេសកកម្មរយៈពេល២សប្តាហ៍នេះ ដឹកនាំដោយលោក Alasdair Scott សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធានបេសកកម្មពិគ្រោះយោបល់មាត្រា IV សម្រាប់កម្ពុជា តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងនោះលោក ជា ចាន់តូ បានស្វាគមន៍ចំពោះការវាយតម្លៃ និងអនុសាសន៍របស់ក្រុមបេសកកម្ម ព្រមទាំងថ្លែងអំណរគុណ ដល់ក្រុមការងារដែលបានខិតខំបំពេញការងារប្រកបដោយជោគជ័យ៕