(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារទីលានផ្នូរយុទ្ធជនខេត្តកោះកុង និងរដ្ឋបាលខេត្ត បានថ្លែងអំណរគុណលោកឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី និងលោកស្រី ដែលបានជួយឧបត្ថម្ភ ថវិកាចំនួន១ម៉ឺនដុល្លារ ចូលរួមកសាងផ្នូរសពយុទ្ធជននៅខេត្តកោះកុង។

ក្រសួងការពារជាតិ បានឲ្យដឹងថា ទីលានផ្នូរសពអតីតយុទ្ធជន មានទំហ៊ុដីជាង៩,៥០០ម៉ែត្រការ៉េ ក្នុងចំណុចសពយុទ្ធជនស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយទីលានផ្នូរសពអតីតយុទ្ធនេះ ត្រូវសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធ និងកែលម្អបន្ថែមទៀតនូវរចនាបទអង្គរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ និងភរិយា បានអញ្ជើញបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ទីលានផ្នូរយុទ្ធជនទាំងនេះ ដើម្បីឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន៤៤៧។

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ បានឱ្យដឹងថា ការសាងសង់ និងជួសជុលទីលានផ្នូរអតីតយុទ្ធជននាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន នាយទាហានរង និងពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋដោយមិនគិត ពីការបូរជាអាយុជីវិតរបស់ខ្លួននោះឡើយ។

សពអតីតកម្មាភិបាល យុទ្ធជន ដែលបានយកមកបញ្ចុះនៅទីលានផ្នូរយុទ្ធជន នៅក្នុងក្រុមខេមរភូមិន្ទ ខេត្តកោះកុង ទាំង៤៤៧សពនេះ ជាយុទ្ធជនមកពីបណ្តា ១៨រាជធានី-ខេត្ត ហេីយបានពលីជីវិតលេីសមរភូមិចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨។

សពអតីតកម្មាភិបាល និងអតីតយុទ្ធទាំង ៤៤៧សព រួមមានមកពីខេត្តកោះកុង ចំនួន២៨៧សព, ខេត្តកំពត ៤៤សព, ខេត្តកំពង់ស្ពឺ ៣៤សព, ខេត្តកណ្តាល ២៥សព, ខេត្តតាកែវ ១៧សព, ខេត្តព្រះសីហនុ ៨សព, ក្រុងភ្នំពេញ ៤សព, ខេត្តពោធិ៍សាត់ ៤សព, ខេត្តព្រៃវែង ២សព, ខេត្តស្វាយរៀង ៧សព, ខេត្តកំពង់ចាម ៤សព, ខេត្តកំពង់ឆ្នាំង ៤សព, ខេត្តកែប ២សព, ខេត្តសៀមរាប ១សព, ខេត្តរតនគីរី ១សព, ខេត្តក្រចេះ ១សព, ខេត្តបាត់ដំបង ១សព និងខេត្តកំពង់ធំ ១សព៕