(បន្ទាយមានជ័យ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ទៅលើក្រុមគ្រូពេទ្យនៅខេត្តបន្ទាយមានជ័យ ទៅលើការងារបច្ចេកទេសពិនិត្យយកសំណាកនៅតាមមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា។

ការវាយតម្លៃបែបនេះរបស់លោក ម៉ម ប៊ុនហេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងឱកាសលោកបានបើកកិច្ចប្រជុំស្ដីពីនីតិវិធីសម្រេចគ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ នៅខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីសុខាភិបាល និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ ស្រុកក្រុង មណ្ឌលសុខភាព គ្រប់ស្រុកក្រុង ឃុំសង្កាត់មួយចំនួនផងដែរ។

លោកបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំដើម្បីជំរុញការព្យាបាលអ្នកជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី Delta នៅតាមផ្ទះ និងការផ្ដល់ថ្នាំ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីនីតិវិធី ស្តង់ដារសម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។

លោកបានបន្តថា ក្រុមគ្រូពេទ្យដែលទទួលបន្ទុកព្យាបាលអ្នកជំងឺកូវីដ១៩ និងជំងឺទូទៅផ្សេងៗ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់នឹងបន្តអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនទើបការឆ្លងជំងឺកូវីដ១៩ បានថយចុះជាបណ្តើរៗហើយ។

ទន្ទឹមនោះដែរ លោកអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានយកតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត និងជឿជាក់លើប្រព័ន្ធសុខាភិបាលយ៉ាងជាក់លាក់ផងដែរ។

លោក អ៊ុ រាត្រី បានបន្តទៀតថា ក្រៅពីការព្យាបាលបានល្អហើយគ្រូពេទ្យនៅព្យាយាមអប់រំដល់អ្នកជំងឺឱ្យរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩៕