(បន្ទាយមានជ័យ)៖ កម្លាំងកងការពារព្រំដែនលេខ៥០៣ សហការជាមួយកងពលតូចថ្មើរជើងលេខ៥១ និងនគរបាលព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនពលករខ្មែរថៃចំនួន៣៧នាក់ ក្នុងនោះពលករខ្មែរ២៦នាក់ និងថៃ១១នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលមកកម្ពុជាខុសច្បាប់។

ពលករទាំង៣៧នាក់នេះ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ១៖៤០នាទី រំលងអាធ្រាត្រថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនទៅឱ្យ ក្រុមការងារចម្រុះច្រកអូរបីជាន់ ដើម្បីធ្វើកាតាមនីតិវិធី។

ការបង្ក្រាប និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ខាងលើនេះ បានធ្វើឡើងក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពាព្រំដែនលេខ៥០៣។ លោកមេបញ្ជាការ បានដាក់បទបញ្ជាឲ្យកងកម្លាំងចុះពង្រឹង ការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោង លើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនឱ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

ក្រោយឃាត់ខ្លួនពលករទាំងនេះ សមត្ថកិច្ចក៏បានណែនាំកុំឱ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលនាំឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុខ សុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួម អនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិចៀសផុតពីជំងឺកូវីដ១៩៕