(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការជាមួយមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាព (CDPF) សហភាពអឺរ៉ុប (EU) មូលនិធិសហ ប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស៊ុយអែត (SIDA) និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) នឹងចាប់ផ្តើមចុះចែកសម្ភារសិក្សាតាមផ្ទះចំនួន ៧៦0,១៨0កញ្ចប់ ដល់កុមារតូចៗដែលរងផលប៉ះពាល់ដោយសារ ការអាក់ខានរៀនសូត្រ។

ការចែកសម្ភារនេះនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះសម្រាប់កុមារសិក្សានៅថ្នាក់ទី១ និងទី២ នៃសាលាបឋមសិក្សារដ្ឋទាំង ៧,៣0៤កន្លែងនៅទូទាំង ២៥ រាជធានី និងខេត្ត និងមានការរៀបចំឯកសារបន្ថែមទៀតសម្រាប់គាំទ្រសិស្សានុសិស្សនិយាយភាសាដើមភាគតិចចំនួន ៥,000 នាក់ នៅខេត្តភាគឦសាននៃប្រទេសកម្ពុជាផងដែរ។

ការប្រកាសចែកចាយកញ្ចប់សម្ភារអប់រំតាមផ្ទះនេះ បានបញ្ជាក់ឱ្យដឹងនៅក្នុងវេទិកា «HOME LEARNING PACKS official handing-over ceremony» ដែលបានរៀបចំ ឡើងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូពីចំងាយ ក្រោមអធិបតីលោកណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូល រួមពីលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា, លោក Magnus Saemundsson លេខាទី១នៃនាំស្ថានទូតស៊ុយអែត, លោកស្រី Hanh Nguyen ប្រធានបេសកកម្មស្តីទីរបស់ USAID កម្ពុជា និងលោកស្រី Foroogh Foyouzat តំណាងយូនីសេហ្វនៅកម្ពុជា។

លោកបណ្ឌិត ហង់ ជួនណារ៉ុន បានឱ្យដឹងថា ស្ថិតក្នុងពេលវេលាដ៏សែនលំបាកសម្រាប់ការអប់រំនៅទូទាំងពិភពលោករួមទាំងនៅកម្ពុជាផងដែរ កម្ពុជាវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ ដែលផ្តល់ដោយដៃគូដ៏មានតម្លៃដូចជា សហភាពអឺរ៉ុប SIDA, USAID, GPE និងយូនីសេហ្វ ក្រោមមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាព (CDPF) ដើម្បីជួយកម្ពុជាក្នុងការគាំទ្រសិស្សានុសិស្សក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ-១៩ជាសកលនេះ។

លោកបណ្ឌិត បានបន្ថែមថា បច្ចុប្បន្ននេះកម្ពុជាកំពុងចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញ ប៉ុន្តែការងារនេះត្រូវមានប្រុងប្រយ័ត្ន ដោយប្រើប្រាស់យុទ្ធសាស្ត្រ បញ្ចូលគ្នារវាងការសិក្សាផ្ទាល់ក្នុងសាលារៀន ជាមួយនឹងការសិក្សានៅតាមផ្ទះ។ សម្ភារសិក្សាទាំងនេះនឹងជួយឲ្យយុទ្ធសាស្ត្រថ្មីនេះទទួលបានជោគជ័យ ជាពិសេស សម្រាប់ជាជំនួយដល់សិស្សចំនួន ៥0% ដែលពុំមានលទ្ធភាពរៀនសូត្រតាមប្រព័ន្ធអនឡាញនៅតាមផ្ទះរបស់ពួកគេបាន។ សម្ភារនេះនឹងជួយឱ្យសិស្សបានសិក្សាត្រៀម និងអាចចាប់ផ្តើមបានយ៉ាងល្អនៅពេលដែលថ្នាក់រៀនបើកដំណើរការពេញលេញឡើងវិញ។

លោកស្រី Carmen Moreno បានឱ្យដឹងដែរថា ទោះសាលារៀននឹងបើកដំណើរការឡើងវិញ ប៉ុន្តែសិស្សទាំងនេះមិនអាចត្រឡប់ទៅអាយុ៦ ឬ ៧ឆ្នាំម្តងទៀតបានឡើយ អាយុកម្រិតនេះផ្តល់ឱកាសល្អបំផុតសម្រាប់ឱ្យកុមាររៀនអាន ប្រកបអក្សរ និងរាប់លេខបានយ៉ាងល្អ។ យើងមិនអាចមិនអើពើ និងទុកកុមារទាំងនេះឲ្យបន្តខកខានការ សិក្សារ របស់ពួកគេឡើយ។ ពួកគេមានសិទ្ធិទទួលបានការអប់រំ ទោះជាស្ថិតនៅក្នុងបរិបទដ៏សែនលំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ។

លោកស្រី Carmen Moreno បានបន្ថែមថា ការសិក្សាដោយប្រើឯកសារជាក្រដាសសម្រាប់កុមារនៅក្រុមអាយុនេះ មានប្រសិទ្ធភាពជាងការសិក្សាតាមប្រព័ន្ធអនឡាញ។ ដូចនេះហើយសហភាពអឺរ៉ុបរីករាយក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូ CDPF ទាំងអស់ដើម្បីផ្តល់នូវកញ្ចប់សម្ភារៈសម្រាប់សិក្សានៅតាមផ្ទះទាំងនេះ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសាមគ្គីភាពរបស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប ដែលហៅថា ក្រុមអឺរ៉ុប (Team Europe) ដើម្បីប្រយុទ្ធប្រឆាំងផលប៉ះពាល់ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

លោកស្រី Hanh Nguyen បានឱ្យដឹងដែរថា USAID គឺជាអ្នកគាំទ្រប្រកបដោយមោទកភាពជាយូរមកហើយសម្រាប់ពលរដ្ឋកម្ពុជា ហើយការសហការរជាមួយនឹងដៃគូ ចម្រុះដែលកំពុងមានវត្តមាននៅទីនេះរាប់បញ្ចូលទាំងគ្រូ និងសិស្សានុសិស្សដែលជាអ្នកពោរពេញដោយការប្តេជ្ញាចិត្តនៅកម្ពុជា គឺជាសក្ខីកម្មដែលបង្ហាញ ពីការគាំទ្រនេះ។

សូមបញ្ជាក់ដែរថា កញ្ចប់សម្ភារអប់រំទាំងនេះរួមមាន៖ សៀវភៅពុម្ពសំរាប់កុមារតាមវ័យ និងឯកសារស្វ័យសិក្សា ដើម្បីពង្រឹងអំណាន សំណេរ ការប្រកប និងគណិតវិទ្យា សុទ្ធតែជួយបំពេញបន្ថែមលើកម្មវិធីសិក្សាថ្នាក់ទី១ និងថ្នាក់ទី២ របស់ក្រសួងអប់រំ យុវជន និងកីឡា។ កញ្ចប់សម្ភារទាំងនេះក៏មានបញ្ចូលព័ត៌មានអំពីវិធីសាស្ត្រ ដែលមាតាបិតា អាចប្រើប្រាស់ដើម្បីជួយគំាទ្រដល់ការអប់រំកូនៗ និងបន្តការពារពួកគេពីជំងឺកូវីដ-១៩ ដោយមានបញ្ចូលសាប៊ូមួយដុំ និងវេចខ្ចប់ដាក់ក្នុងកាបូបមេត្រីបរិស្ថាន សម្រាប់យកមកប្រើប្រាស់ឡើងវិញបានផងដែរ៕