(កោះកុង)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា ក្រោមឱវាទចុះសំណេះសំណាលសួរសុខទុក្ខ និងបានពាំនាំនូវគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១,២៧០,០០០រៀល ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនកងទ័ពចូលនិវត្តជនដែលជីវភាពខ្វះខាត និងថែមទាំងមានជំងឺរាំរ៉ៃប្រចាំកាយលោក តូច សេង អតីតមេបញ្ជាការកងកាំភ្លើងធំតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងថា ក្នុងនាមលោកធ្លាប់ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងអស់រយៈពេលជិត៣០ឆ្នាំមក ហើយលោកបានឃាត់ឆ្ងាយពីបងប្អូនទៅបំពេញកាតព្វកិច្ចខេត្តផ្សេងក៏ដោយក៏លោកនៅតែនឹករលឹកដល់បងប្អូននាយទាហានពលទាហានដែលបានរួមអាវុធដើម្បីបូរណៈភាពការពារទឹកដីការពារប្រជាជន ការពារជាតិ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសជាតិ លោកមិនបានភ្លេច ឬបោះចោលបងប្អូនកងទ័ពណាម្នាក់នោះទេឱ្យតែបងប្អូនជួបបញ្ហាអ្វីមួយលោក និងក្រុមការងារបានចុះជួបសំណេះសំណាល់សួរសុខទុក្ខជានិច្ចហើយតែងតែរំលឹកអនុស្សាវរីយ៍ពីអតីតកាលក្នុងសម័យសង្គ្រាមទៀតផង។

នាយឧត្តមយន្ត មីន បានបន្តថា ទោះបីបងប្អូនជានាយទាហានពលទាហានខ្លះបានពលីជីវិតខ្លះចូលនិវត្តជនតែលោកនៅតែផ្តល់នូវកិត្តិសយជូនពួកគាត់ជានិច្ច។ ទោះបីនាយទាហានពលទាហានបានពលីជីវិតក៏ដោយក៏ថ្នាក់ដឹកនាំយើងតែយកចិត្តទុកដាក់ជានិច្ចដោយមិនព្រងើយកណ្តើយឡើង ជាក់ស្តែងថ្នាក់ដឹកនាំបានសាងសង់វិមានផ្នូរសពយុទ្ធជន នៅក្នុងខេត្តកោះកុង ដើម្បីតបស្នងសងគុណចំពោះកម្មាភិបាលយុទ្ធជនដែលលះបង់អាយុចំពោះជាតិមាតុភូមិ។

នាយឧត្តមបានបញ្ជាក់ថា ក្នុងគ្រានេះលោកក៏បានពាំនាំនៅការផ្តាំផ្ញើ និងសួរសុខទុក្ខរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពីចំងាយដោយលោកបានយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះនាយទាហានពលទាហានយើងមិនថាជិតឬឆ្ងាយឡើយ។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា អំណោយទាំងនេះវាតិចតួចមែនតែជាសិល្បះចែករំលែង ដើម្បីជួយដោះស្រាយក្នុងជីវភាពក្នុងគ្រួសារបានមួយកម្រិតផងដែរ៕