(ភ្នំពេញ)៖ លោក ផន សុភាព ប្រធានការដ្ឋានសាងសង់ OCIC តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ២២៣គ្រួសារ ដែលស្ម័គ្រចិត្តរស់នៅក្នុងបុរី «រុងរឿង» នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

លោក ផន សុភាព បានឲ្យដឹងថា កន្លងមកក្រុមហ៊ុន បានធ្វើការចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន២៨លើករួចមកហើយ ហើយនេះក៏ជាលើកទី២៩ផងដែរ។

ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខដុមរមនា ក្នុងបុរីរុងរឿង បានសម្ដែងភាពសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះមានផ្ទះរស់នៅសមរម្យ មានប្រព័ន្ធទឹកស្អាត ប្រើប្រាស់មានប្រព័ន្ធ លូត្រឹមត្រូវ និងលើសពីនេះទៀត ទាំងលក្ខណៈជីវភាពររស់នៅ ក៏កាន់តែល្អប្រសើរឡើងជាលំដាប់។

តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងនោះ មានផ្សារ មានសាលារៀន សម្រាប់កូនចៅ មានមន្ទីរពេទ្យ មានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ ដែលបង្កលក្ខណៈ ឲ្យអាចប្រកបអាជីវកម្ម បង្កើនប្រាប់ចំណូលប្រចាំថ្ងៃ ល្អប្រសើរ និងខ្លះទៀត ទទួលបានការងារក្នុងបុរី និងទទួលបានប្រាក់បៀវត្សសមរម្យផងដែរ។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង បើគិតពីការ ចំណាយតាំងពីលើកទី១ ដល់លើកទី២៩នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានចំណាយអស់ទឹកប្រាក់សរុប មានចំនួនប្រមាណ៨២៧លានរៀលហើយ៕