(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានបើកប្រតិបត្តិការស្រាវជ្រាវ នៅកាស៊ីណូហ្គោលដិនវើល៣ ដោយរកឃើញជនជាតិថៃ ចំនួន៣៦នាក់ (ស្រី១០នាក់) ដែលមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ (ស្នាក់នៅកាស៊ីណូហ្គោលដិនវើល៣) ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា កម្លាំងនគរបាលក៏បានចាប់ខ្លួនមេខ្យល់ចំនួន៤នាក់ ក្នុងនោះជនជាតិចិន ចំនួន៣នាក់ និងជនជាតិថៃម្នាក់ ដែលជាអ្នកនាំជនជាតិថៃទាំង៣៦នាក់ខាងលើនេះ ចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់។

សូមបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងក្រោយពីមានព័ត៌មាន ចុះផ្សាយថាជនជាតិថៃទាំង៣៦នាក់ខាងលើនេះ ត្រូវបានគេចាប់បង្ខាំង និងធ្វើទារុណកម្មនៅក្នុងកាស៊ីណូគោលដិនវើល៣។

ភ្លាមៗក្រោយពីទទួលបាននព័ត៌មាននេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ចែងក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេស្តទាំងអស់ជាបន្ទាន់ ក៏បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ប្រភេទ Delta ចំនួន៥នាក់ ស្រី១នាក់ និងយកទៅព្យាបាលនៅ សណ្ឋាគារសាកាណា៣។ ចំណែកជនជាតិថៃ ចំនួន៣១នាក់ ដែលមិនមានវិជ្ជជំងឺកូវីដ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅកន្លែងនោះដើម្បីតាមដានបន្ត។

បើតាមលោកស្នងការ កម្លាំងជំនាញបានបន្តស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធដែលនាំជនជាតិថៃ ខាងលើចូលមកដោយខុសច្បាប់ចំនួន៤នាក់ (ចិន៣នាក់ និងថៃម្នាក់) ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្ត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់រួចរាល់ហើយ៕