(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ៤៩នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បង្កឡើងជាទឹកជំនន់ដ៏អាក្រក់នៅតំបន់ Gilgit Baltistan ខេត្ត Kyber Pakhtunkhwa ភាគខាងជើងប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយមុននេះ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦។

ចំពោះតំបន់ក្នុងខេត្តដែលស្ថិតនៅក្បែរទីក្រុងប៉េសាវ៉ា នោះគឺទទួលរងគ្រោះខ្លាំងជាងគេ ដោយហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ ទទួលរងការបំផ្លាញ។ ផ្នែកមួយចំនួននៃខេត្ត Kyber Pakhtunkhwa បានទទួលរងទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ និង លំនៅដ្ឋាន ព្រមទាំងតូបលក់ដូររបស់ប្រជាជនផងដែរ។

នេះវាហេតុការណ៍ដ៏ចម្លែកមួយដែរ នៃភ្លៀងធ្លាក់បង្កជាទឹកជំនន់ដ៏អាក្រក់ ស្របពេលដែលពិភពលោក ទាំងមូលកំពុងតែទទួលរងគ្រោះរាំងស្ងួត មិនធ្លាប់មាននោះ៕