(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញចូលរួមសំសំណាល និង ពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនីរបស់កម្ពុជា មកពីគ្រប់ផ្នែកសរុប ៣,៤០០នាក់នៅបរិវេណមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ។

ពិធីជប់លៀងនេះ ត្រូវបានសម្តេចតេជោ ជាអ្នកធានារាប់រងរាល់ការចំណាយផ្សេងៗ ក្រៅពីការសំណេះសំណាល និងពិសារអាហារ ក៏នឹងមានការប្រគំតន្រ្តីកំដរ រាំលេងកម្សាន្តផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានហៅពិធីជប់លៀងនេះថា ជាការលើកទឹកចិត្តសម្រាប់កីឡាករ កីឡាការិនីកម្ពុជា ដែលបានខិតខំប្រឹងប្រែងដណ្តើមនូវស្នាដៃផ្សេងៗ ពីការប្រកួតនានា ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានហៅការជួបជុំ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មកដល់ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នេះថា គឺជាការចាប់ផ្តើមប្រមូលកម្លាំង និង ដាស់ស្មារតីរបស់កីឡាករ កីឡាការិនី របស់ខ្មែរទាំងអស់ ឲ្យត្រៀមខ្លួន ដើម្បីទទួលយកការប្រកួតស៊ីហ្គេម ២០២៣។

លោក វ៉ាត់ ចំរើន បានរំពឹងពិធីជួបជុំនេះ នឹងផ្តល់សារឲ្យកីឡាករ កីឡាការិនី តាំងចិត្ត តាំងស្មារតី ត្រៀមខ្លួនដណ្តើមយកមេដាយឲ្យ បានច្រើនសម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ៕