(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមេសានេះបានបញ្ជាក់ឲ្យដឹងថា ថ្ងៃនេះជាខួបកំណើត មិនពិតរបស់សម្តេច តែជាថ្ងៃខួបកំណើតផ្លូវការ ហើយក៏ជាថ្ងៃខួបលើកទី៤៦ឆ្នាំ (៤ មេសា១៩៧០-៤ មេសា ២០១៦) ដែលសម្តេច បានលះបង់ការសិក្សា ចូលបម្រើកងទ័ព តាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ដើម្បីតស៊ូប្រឆាំងរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កាលណោះសម្តេចទើបតែមានអាយុ១៨ឆ្នាំប៉ុណ្ណោះ គួរតែមានឱកាសបន្តសិក្សា ឬរស់នៅជាមួយគ្រួសារ តែរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស បានដាក់ប្រជាជនកម្ពុជា ទៅជាចំណាប់ខ្មាំងសង្គ្រាម ដែលគ្មានផ្លូវទី៣ សំរាប់ការជ្រើសរើសនោះឡើយ។

សម្តេចសង្កត់ធ្ងន់ថា ដោយសារតែកំហុសរបស់ អ្នកនយោបាយមួយនាក់ ឬមួយក្រុម បានធ្វើឲ្យកម្ពុជា ចាកចេញពីសន្តិភាពមកកាន់សង្គ្រាមវិនាសកម្ម និងបន្ទាប់មកើតមានរបបប្រល័យពូជសាសន៍ ប៉ុលពត ដូច្នេះហើយប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសន្តិភាព ដែលរកបានដោយលំបាក ឲ្យគង់វង្សតរៀងទៅ។  

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា៖

ថ្ងៃនេះ ជាថ្ងៃខួបកំណើតមិនពិត តែជាថ្ងៃខួបកំណើតផ្លូវការរបស់ខ្ញុំ។ អ្វីដែលសំខាន់សំរាប់ខ្ញុំនាថ្ងៃ ៤មេសានេះ គឺជាថ្ងៃដែលខ្ញុំបានសំរេចចិត្តដើរ តាមការអំពាវនាវរបស់ សម្តេចព្រះនរោត្តម សីហនុ ដើម្បីតស៊ូប្រឆាំងពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។

៥ ឆ្នាំមុន ខ្ញុំបែកពីឪពុក ម្តាយ បងប្អូនដោយដៃកាន់សៀវភៅ ប៊ិច ដើម្បីការរៀនសូត្រ តែលើកនេះខ្ញុំចាកចេញទៅជាមួយការតាំងចិត្ត កាន់អាវុធដើម្បីធ្វើការប្រយុទ្ធ។ ថ្ងៃនេះ គឺជាខួបលើកទី៤៦ឆ្នាំ នៃការផ្ទេរជីវភាពពីយុវសិស្សម្នាក់មកជាយុទ្ធជនម្នាក់ (៤ មេសា១៩៧០-៤ មេសា ២០១៦)។ ពេលនោះខ្ញុំទើបមានអាយុ១៨ឆ្នាំ ខ្ញុំគួរតែមានឱកាសបន្តការសិក្សា ឬរស់នៅជាមួយក្រុមគ្រួសារ តែរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស បានដាក់ប្រជាជនកម្ពុជា ទៅជាចំណាប់ខ្មាំងនៃសង្គ្រាម ដែលគ្មានផ្លូវទី៣ សំរាប់ការជ្រើសរើសនោះឡើយ។

តើជាកំហុសអ្នកណាដែលធ្វើឱ្យកម្ពុជាមានសង្គ្រាម និងបន្ទាប់មកមានរបប ប៉ុល ពត?  កំហុសរបស់អ្នកនយោបាយមួយនាក់ ឬមួយក្រុមនាពេលនោះ បានធ្វើឱ្យកម្ពុជាចាកចេញពីសន្តិភាព មកកាន់សង្គ្រាមវិនាសកម្ម និងបន្ទាប់មកកើតមានរបបប្រល័យ ពូជសាសន៍ប៉ុលពត។

យើងត្រូវរួមគ្នារក្សាសន្តិភាព ដែលយើងរកបានដោយលំបាកនេះ ឱ្យបានគង់វង្សតរៀងទៅ៕