(ភ្នំពេញ)៖ ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន១២នាក់ និងចោរឆក់៩នាក់ ដែលបានអះអាងថាធ្លាប់ឆក់២០០ដង ធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ក្នុងថ្ងៃទី២និងទី៣ ខែមេសា ឆ្នាំ២០១៦។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន១២នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងតាមដានអស់រយៈពេលជាយូរមកហើយ ត្រូវបានបង្រ្កាប នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយកំលាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការបង្រ្កាបនោះដែរ សមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដកហូតថ្នាំញៀនជាក់សែ្តង បានចំនួន១០កញ្ចប់ និងដបជក់ថ្នាំមួយចំនួន និងបានបញ្ជូនទៅតុលាការនៅថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦។

រីឯក្រុមចោរឆក់ចំនួន០៩នាក់ ដែលអះអាងថា ធ្លាប់ឆក់ចំនួន២០០ដង ធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមហ្វេសបុក (Facebook) ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការហើយផងដែរ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការតាមដានស្រាវជ្រាវអស់ រយៈពេលជាច្រើនខែ ឈានទៅដល់ការកំណត់មុខសញ្ញាបាន និងបានផ្សព្វផ្សាយដល់មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ឲ្យឃ្លាំមើលនិងតាមចាប់មុខសញ្ញាចោរឆក់ទាំងនោះ ដែលកន្លងមកក្រុមនេះ បានធ្វើសកម្មភាពឆក់ជាហូរហែរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ទើបអាវុធហត្ថខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនមុខសញ្ញាទាំងនោះ បានចំនួន០៤នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone ពីនារីម្នាក់ នៅចំនុចក្រោយព្រះបរមរាជវាំង ក្រោយមកកម្លាំងជំនាញស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌអាវុធហត្ថ រាជធានីភ្នំពេញបានបន្តតាមចាប់បក្ខពួក  ជនសង្ស័យបានចំនួន០៥នាក់បន្ថែមទៀត។

តាមចម្លើយសារភាព របស់ក្រុមចោរឆក់ទាំង០៩នាក់បានសារភាពថា ក្រុមពួកគេមានគ្នាជាង១០នាក់ ក្នុងនោះមានអ្នកខ្លះបានចូលរួមឆក់ជាង២០០ដង ខ្លះជាង៦០ដង ឯខ្លះទៀតច្រើនពេកចាំមិនអស់ ដោយភាគច្រើនពួកគេធ្វើសកម្មភាពឆក់ នៅក្នុងខណ្ឌដូនពេញ ចំការមន ៧មករា និងទួលគោក ។ ក្នុងនោះចំណុចដែរពួកគេចាំច្បាស់មានដូចជា៖ នៅចំណុចក្រោយព្រះបរមរាជវាំង, ឃ្លាំងរំសេវ,  ក្បែរអង់តែនទូរទស្សន៍ជាតិ, កោះពេជ្រ, ក្តាន់ពីរ, ផ្សារកណ្តាល, សាលាស៊ីសុវត្ថិ, ផ្លូវកម្ពុជាក្រោម និងមានកន្លែងផ្សេងៗទៀតជាច្រើន៕