(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ឲ្យដឹងថា ច្បាប់វិនិយោគថ្មី បានបង្ហាញពីភាពត្រូវគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងការបើកទីផ្សារកម្ពុជា និងទាក់ទាញការវិនិយោគ ឲ្យបានកាន់តែច្រើន។

ការគូសបញ្ជាក់បែបនេះ របស់លោក សុខ ចិន្ដាសោភា ធ្វើឡើងក្នុងសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ ក្នុងការអនុម័តច្បាប់វិនិយោគថ្មី។

លោក សុខ ចិន្ដាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់វិនិយោគថ្មីនេះ គឺជាផ្នែកមួយ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ [...] ច្បាប់នេះនឹងអនុញ្ញាតឲ្យកម្ពុជា ឆ្លៀតឱកាសទទួលបានផលប្រយោជន៍ ពីកិច្ចព្រមព្រៀង ក្នុងតំបន់សេដ្ឋកិច្ចសេរីជាមួយមិត្ដចិន និងជាមួយដៃគូពាណិជ្ជកម្មសេរីផ្សេងៗទៀត រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ផងដែរ»

លោកអគ្គលេខាធិការបានគូសបញ្ជាក់ទៀតថា ការចុះហត្ថលេខាទៅលើគ្រប់រូបភាពពាណិជ្ជកម្មសេរី គឺជាការបើកទីផ្សាររបស់កម្ពុជា ដែលធ្វើឲ្យអ្នកវិនិយោគដឹងថា ពេលមកផលិតនៅប្រទេសកម្ពុជា នឹងអាចនាំចេញទៅប្រទេសទាំងនោះបាន។

លោកបន្តច្បាប់វិនិយោគថ្មីនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែជួបប្រទះ នូវបញ្ហាការរីករាល នៃជំងឺឆ្លងកូវីដ-១៩។

លោក សុខ ចិន្ដាសោភា បានថ្លែងបែបនេះថា «ច្បាប់វិនិយោគថ្មីនេះ មានសារៈសំខាន់ពិតប្រាកដ ក្នុងកាលៈទេសៈយើងសព្វថ្ងៃនេះ [...] ច្បាប់នេះ ចំពេលវេលាមែនទែនតែម្ដង ក្រោយផុតពីជំងឺកូវីដ-១៩ យើងក្រោកឈរភ្លាម»

បន្ថែមពីនោះទៀត អគ្គលេខាធិការ CDC រូបនេះបានអះអាងថា ច្បាប់វិនិយោគថ្មីនេះ មានលក្ខណៈទាក់ទាញ ដូច្នេះលោកសង្ឃឹមថា ការអនុវត្ដច្បាប់ថ្មីនេះ នឹងមានការទាក់ទាញ អ្នកវិនិយោគមកកាន់តែច្រើន និងលើកទឹកចិត្ដអ្នកវិនិយោគក្នុងស្រុក កាន់តែច្រើនចូលរួមផងដែរ។

លោក សុខ ចិន្ដាសោភា បានបញ្ជាក់ឲ្យដឹងថា ច្បាប់វិនិយោគថ្មីនេះ មានចំណុចជាច្រើន ដែលជួយទៅដល់ឧស្សាហកម្មក្នុងស្រុក ដោយទាក់ទាញការវិនិយោគ និងបង្កើតការងារ។

គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណង បង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណទុក ជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម សេដ្ឋកិច្ច។

ក្នុងនោះជាអាទិភាព៖

* ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើន រំហូរចូលមូលធន ការផ្ទេរបច្ចេក-វិទ្យា ចំណេះដឹង និងចំណេះធ្វើ។

* ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឲ្យរចនាសម្ព័ន្ធសេដ្ឋកិច្ច អាចធ្វើពិពិធកម្ម បាននិងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក។ ការផ្តល់ការការពារ នូវសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាពស្របទៅនឹងផលប្រយោជន៍ជាតិ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន១២ជំពូក និង៤២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូង ចំនួន៩២សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូលកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ហើយត្រូវបានសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ ក្នុងការអនុម័ត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១៕