(ភ្នំពេញ)៖ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ នឹងឈានចូលមកដល់នៅទី២៣ ខែកញ្ញា ស្អែកនេះហើយ ប្រជាពលរដ្ឋមួយចំនួន ក៏បានត្រៀមខ្លួនក្នុងការយកចង្ហាន់ ទៅវត្តរៀងៗខ្លួន ខណៈពលរដ្ឋមួយចំនួនទៀត ក៏មានការភ័យខ្លាចដោយសារតែជំងឺកូវីដ១៩ ក៏មិនទាន់មានសភាពស្ងប់ស្ងាត់នៅឡើយដែរ បានធ្វើវត្តមួយចំនួន នៅតាមបណ្តាខេត្តផ្សេងៗមានការខ្វះខាត ហើយក៏មានវត្តខ្លះទៀត មិនទាន់មានវេនគ្រប់១៥វេន សម្រាប់ប្រជាពលរដ្ឋទៅកាន់បិណ្ឌផងដែរ។

ស្របជាមួយនឹងការខ្វះខាតនេះដែរព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ជាប្រធានមូលនិធិមនុស្សធម៍ ដើម្បីសាសនានិងសង្គម និងជាព្រះសង្ឃមួយអង្គដែលតែងតែ ជួយលើកស្ទួយដល់វិស័យពុទ្ធសាសនា និងសង្គម ក៏បានទទូចអំពាវនាវដល់ញាតិញោម ពុទ្ធបរិស័ទ ទាំងក្នុងនិងក្រៅប្រទេស បន្តជួយគាំទ្រវត្តបណ្តាវត្តដែល មានការខ្វះខាត ទោះបីតិចក្តី ច្រើនក្តី ដើម្បីទទួលយកនូវកុសលផលបុណ្យដែលបានធ្វើ ឧទ្ទិសដល់ បុព្វការីជន ជាឱពុកម្តាយ សាច់ញាតិដែលបានស្លាប់ទៅហើយនោះ បានទទួលយកនូវមគ្គផល និងបានទៅសោយសុខក្នុងសុគតិភព។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីការ បន្តថា ពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌឆ្នាំនេះស្របជាមួយនឹងជំងឺកូវីដ១៩ កំពុងតែរីករាលដាលនេះ ទោះបីជាគ្រប់វត្ត អារាម មានការចូលរួមទប់ស្កាត់នឹងជំងឺកូវីដ១៩ ដោយមាន អាកុល ម៉ាស់ និងម៉ាស៊ីនវាស់កម្តៅក៏ដោយ តែយ៉ាងណាញាតិញោម ពុទ្ធបរិស័ទ ក៏នៅតែមានការព្រួយបារ ម្មណ៍នឹងជំងឺនេះដែរ។

ព្រះអង្គ បានបន្តថា មូលនិធិនេះបង្កើតឡើងដើម្បីតែធ្វើសកម្មភាពមនុស្សធម៍តែប៉ុណ្ណោះ ដោយកន្លងមកព្រះអង្គបាននាំយកអំណោយចុះជួយដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិជាច្រើនមកហើយ និងបានចុះជួយតាមបណ្តាវត្តដែលមានការខ្វះខាត ជាច្រើនកន្លងមកហើយ ក្នុងនោះដែរដោយសាតែមាន ការគាំទ្រ ច្រើនពីញាតិញោម ទើបមូលនិធិនេះបានដំណើរការបានដូចសព្វថ្ងៃនេះ។

ព្រះអង្គប្រធានមូលនិធិមនុស្សធម៍ ដើម្បីសាសនានិងសង្គម មានសង្ឃដីការ បន្តថា ញាតិញោមក៏អាចចូលរួមជួយដល់ព្រះសង្ឃក្នុងវត្តដែលខ្វះខាត ក្នុងកំឡុងពីធីបុណ្យ ភ្ជុំបិណ្ឌនេះ តាមរយៈមូលនិធិមនុស្សធម៌ ដើម្បីសាសនា និងសង្គម ក៏បានតាមរយៈ ០១១ ៤៤៤ ៤១៨, ០៩០ ៤៤៤ ៤១៨, ០៨៦ ៤៤៤ ៤១៨ ឫ ABA: 011444418 Hoeum Sovannara ដើម្បីជួយដល់វត្តដែលខ្វះខាត។ ព្រះអង្គបាន បន្តថា គិតមកដល់ពេលនេះមានពុទ្ធបរិស័ទបានចូលរួមមួយចំនួន ហើយព្រះអង្គក៏បាននាំយក ទេយ្យទាន របស់ញាតិញោម ចុះប្រគល់ជូនវត្តជាច្រើនមកហើយដែរ។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានបន្តថា វត្តដែលទទួលបានទេយ្យទានញាតិញោម ដើម្បីគាំទ្រ ការកាន់បិណ្ឌទាំង១៥វេន រូមមាន៖ វត្តឧត្តមមុនី និងវត្តព្រះធាតុ ក្នុងខេត្តបាត់ដំបង, វត្តទឹកហូត និងវត្តគិរីធម្មរាជ ខេត្តកំពង់ឆ្នាំង, អាស្រមតាលះ ខេត្ត ព្រះសីហនុ, វត្តឈូក និងវត្តឧត្តរគីរីទួលអណ្តែត ខេត្តព្រះវិហារ និងវត្តពុទ្ធស្ថាន ធម្មចេតិយ ខេត្តពោធិ៍សាត់, វត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម ក្នុងខេត្តកំពុងឆ្នាំង និងវត្តជាច្រើនទៀត ដោយក្នុងមួយវត្តទទួលបានបច្ច័យកាន់បិណ្ឌ ១,៥០០,០០០ រៀល។

ព្រះអង្គបានបន្តថា តាមរយៈមូលនិធិមនុស្សធម៍ដើម្បីសាសនា និងសង្គមនេះ ព្រះអង្គនឹងបន្តនាំយកទេយ្យទានរបស់សប្បុរសជន ចុះប្រគល់ជូនវត្ត ផ្សេងៗ ឱ្យបានកាន់តែ ច្រើនវត្តបន្ថែមទៀត និងបានប្រគេនពរ បវរសួស្តីមហាប្រសើរដល់សប្បុរសជនទាំងអស់ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ នៅស្រុក កណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរ ជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២១នេះប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា។

នៅក្នុងរយៈពេល ១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេស ក្រុមនីមួយៗ ដែលបានរៀបចំជា ក្រុមដោយលោកតា អាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់ព្រះសង្ឃសូត្រថ្វាយបង្គំព្រះ និង ធម៌បរាភវ៕