(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា មានតែស្មារតី រួមគ្នារវាងខ្មែរ និងខ្មែរប៉ុណ្ណោះធ្វើឲ្យជាតិខ្មែរទទួលបានជោគជ័យ និងនាំមកនូវភាពសប្បាយរីករាយ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះក្នុងពេលរូបលោកចូលរួមបរិភោគអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ ពលករ និងនិស្សិត ខ្មែរនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦។ អាហារសាមគ្គីនេះ ធ្វើឡើងដើម្បីអបអរសាទររីករាយមុនការចូល មកដល់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាមួយកម្មវិធីអាហារសាមគ្គីនេះ លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និងកោតសរសើរផងដែរ ចំពោះស្មារតីសាមគ្គីគ្នារបស់ ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរ នៅប្រទេសកូរ៉េខាងត្បូង។ លោក បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះ ស្មារតីសាមគ្គីភាព រវាងគ្នានិងគ្នា ដោយមិនរើសអើង និងសូមឲ្យស្មារតីនេះនៅស្ថិតស្ថេរក្នុងចិត្តកូនខ្មែរគ្រប់រូប»

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ស្មារតីសមាគ្គីភាពរវាងខ្មែរ និងខ្មែរ ដោយមិនរើសអើងនេះ វាជាកត្តាដែលធ្វើឲ្យខ្មែរទទួល បានជោគជ័យ និងនាំមកនូវភាពសប្បាយរីករាយដល់កូនខ្មែរដូចគ្នា និងជាតិខ្មែរ៕