(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញពិនិត្យ និងបានដាក់ចេញចំណាត់ការឱ្យអាជ្ញាធរស្រុក ប្រើគ្រឿងចក្រកាយដាក់លូរំដោះទឹក ចេញពីចំណុចកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ប្រវែងប្រមាណ១,០០០ម៉ែត្រ នៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ បន្ទាប់ពីមានជំនន់ទឹកភ្លៀងជន់លិច។

តាមមន្ត្រីរដ្ឋបាលស្រុកព្រៃឈរ បានឱ្យដឹងថា បន្ទាប់ពីភ្លៀងបានធ្លាក់ជាប់ៗគ្នា ប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឱ្យទឹកជន់លិចកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ប្រវែងប្រមាណ១,០០០ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បណ្ដាលឱ្យរំខានដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មាននេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីរកវិធីសាស្ត្ររំដោះទឹកដោយបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរជំនាញយកគ្រឿងចក្រកាយជាប្រឡាយ ដាក់លូ រំដោះទឹកចេញ កុំឱ្យជន់លិចបន្តទៀត ដែលធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាប៉ះពាល់ដល់លំនៅដ្ឋាន និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះ រាល់មធ្យោបាយធ្វើដំណើរ គឺអាចធ្វើចរាចរណ៍បានជាធម្មតា ប៉ុន្តែ មិនតម្រូវឱ្យបើកបរក្នុងល្បឿនលឿននោះទេ ដោយមានការសម្រួលចរាចរណ៍ពីកងកម្លាំងសមត្ថកិច្ចផងដែរ៕