(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយសម្រេចលើកលែងការចោទប្រកាន់ និងបញ្ឈប់ការចាប់ខ្លួន លោក សេង សារី ដែលជាអ្នកវិភាគអំពីព្រឹត្តិការណ៍នយោបាយ ក្រោយពេលពិនិត្យសំណុំរឿងចប់សព្វគ្រប់ហើយ។ នេះបើតាម ដីកាបញ្ឈប់ឱ្យចាប់ខ្លួន ចេញដោយលោក ញឹម ពិសាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

តាមដីកានេះ បានឱ្យដឹងថា «តាមដីកាលើកលែងចោទប្រកាន់លេខ ៤៥៦០ “ល” ដ.ដ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែងការចោទប្រកាន់លើជនត្រូវចោទឈ្មោះ សេង សារី ភេទប្រុស កើតថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៧៩ ដែលមានអត្តសញ្ញាណដូចខាងលើរួចហើយ គប្បីបញ្ឈប់ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៨៩ “ល” ដ.ច.ន ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លើជនត្រូវវចោទខាងលើនេះ»

ការចេញដីកាលើកលែង និងបញ្ឈប់ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានអំពាវនាវឱ្យស្ថាប័នតុលាការកម្ពុជា ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោក សេង សារី ក្រោយបកស្រាយសមហេតុផលចំពោះ «ការវិភាគអំពីសេនារីយោ ៦ចំណុច»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យភរិយា កូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំព្រួយបារម្ភចំពោះរឿងនេះ។

ជុំវិញករណីនេះ លោកបណ្ឌិត សេង សារី បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែនដែលបានអំពាវនាវឱ្យស្ថាប័នតុលាការ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនរូបលោក។ លោក សេង សារី បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «នៅពេលដែលខ្ញុំឃើញសំណេររបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅក្នុងផេករបស់សម្តេចនោះ ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពបន្តិចហើយ ប៉ុន្តែទោះបីជាយ៉ាងណា ខ្ញុំសូមអរគុណចំពោះសម្តេច ដែលបានយោគយល់ ហើយទទួលយកការបកស្រាយរបស់ខ្ញុំ ដែលខ្ញុំបានបកស្រាយនៅក្នុងកម្មវិធី The Cambodia Daily នៅយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១»

ការសម្រេចចិត្តរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបណ្ឌិត សេង សារី ចាត់ទុកថា ជាសញ្ញាណមួយដ៏ល្អ ដែលប្រមុខរាជរដ្ឋាភិបាល បានបង្ហាញពីការបើកចិត្តស្តាប់ នៅក្នុងការបកស្រាយរបស់អ្នកស្រាវជ្រាវ ឬក៏អ្នកវិភាគសង្គម។ លោកបណ្ឌិត ថែមទាំងចាត់ទុកថា នេះក៏ជាសញ្ញាណមួយ បង្ហាញការលើកទឹកចិត្ត ដើម្បីឲ្យអ្នកស្រាវជ្រាវផ្សេងទៀត ក៏ដូចជាអ្នកវិភាគសង្គម ចូលរួមកាន់តែសកម្មនៅក្នុងការផ្តល់នូវធាតុចូលសំខាន់ៗ ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម ក៏ដូចជាដោះស្រាយនូវបញ្ហានយោបាយកម្ពុជា៕