(កោះកុង)៖ សាលារៀនកម្រិតថ្នាក់អនុវិទ្យាល័យចំនួន២ នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានបើកឱ្យដំណើរការសិក្សាឡើងវិញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ខណៈលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវបានយកសំណាក ដើម្បីធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ប៉ុន្តែអវិជ្ជមានជំងឺកូវីដ១៩ទាំងអស់គ្នា។

សម្រាប់ការបើកឱ្យដំណើរសិក្សាឡើងវិញអនុវិទ្យាល័យចំនួន២នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ដោយបានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយក្រុមលោកគ្រូពេទ្យបង្អែកខេត្ត ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ នៅអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ និងអនុវិទ្យាល័យដងទង់ ដែលត្រៀមបើកដំណើរការបង្រៀនឡើងវិញនៃសាលាអនុវិទ្យាល័យ។

លោក ឈេង សុវណ្ណដា បានឱ្យដឹងថា ដើម្បីសុវត្ថិភាព និងចូលរួមទប់ស្កាត់ការពារកូវីដ១៩ និងអនុវត្តន៍ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងអបរំ យុវជន និងកីឡា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ ក្នុងបើកសាលាឱ្យសិស្សានុសិស្សបានសិក្សាឡើងវិញ ក្នុងការបង្កើនចំណេះដឹង និងធនធានមនុស្ស ដើម្បីជៀសពីចម្លងមេរោគកូវីដ១៩។

លោកអភិបាលក្រុង បានបញ្ជាក់ថា ដូច្នេះអាជ្ញាធរ និងសាម៉ីមន្ទីរ បានសហការជាមួយក្រុមលោកគ្រូពេទ្យ បានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដល់លោកគ្រូអ្នកគ្រូសិស្សមុនបើកសាលាបង្រៀន ដើម្បីឱ្យអស់មន្ទិលសង្ស័យចំពោះ បញ្ហាកូវីដ១៩ និងចូលទប់ស្កាត់កុំឱ្យមានការចម្លងដល់សិស្សានុសិស្សពីជំងឺកូវីដ១៩ វាជាជំងឺឆ្លងសកលមានហានិភ័យខ្ពស់ និងឆ្លងមិនថាក្មេង ឬចាស់ឡើយ។

លោកអភិបាលក្រុង បានបញ្ជាក់ថា ចំពោះសិស្សានុសិស្សថ្នាក់អនុវិទ្យាល័យទាំងអស់ ក៏តម្រូវឱ្យធ្វើតេស្តរហ័ស មុនឱ្យចូលសិក្សានេះគឺវិធានការដ៏ល្អមួយក្នុងការចូលរួមទប់ស្កាត់ការពារកុំឱ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ។ នាយកសាលាអនុវិទ្យាល័យ ជា សុីម ស្មាច់មានជ័យ បានឱ្យដឹងថា សិក្សាដែលត្រូវចូលសិក្សា គឺតម្រូវឲ្យធ្វើតេស្តរហ័សទាំងអស់គ្នា មិនឱ្យសិស្សណាម្នាក់គេចវេសពីការធ្វើតេស្តឡើយ។

លោកនាយកសាលាបានបញ្ជាក់ថា ការធ្វើតេស្តរហ័សក្នុងធ្វើតេស្តទៅលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ទទួលលទ្ធផល អវិជ្ជាមានទាំងអស់ នេះសបញ្ជាក់ឱ្យឃើញពួកគាត់បានយល់ដឹងច្រើន ក្នុងការចូលរួមទប់ស្កាត់ការពារជំងឺដ៏កាចសាហាវ១នេះ។

បន្ថែមពីនេះទៅទៀត លោកក៏បានអំពាវរនាវដល់ប្រជាពលរដ្ឋសិស្សានុសិស្សទាំងអស់ត្រូវប្រកាន់ឱ្យបានជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕