(ភ្នំពេញ)៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត ទាំង២៥ ជួយជំរុញឱ្យមានសកម្មភាពអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ក្នុងលិខិតរបស់លោក ឈិន សុខុន ដែលបណ្តាញពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងឈានមកដល់នាពេលដ៏ ខ្លីខាងមុខនេះ មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបនឹងធ្វើដំណើរទៅកាន់ទីវត្តអារាមជិតឆ្ងាយដើម្បី ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃ ដែលប្រព្រឹត្តចទៅចាប់តាំងពីថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

ទន្ទឹមនឹងការប្រារព្ធពិធីប្រពៃណីជាតិនេះ លោក ឈិន សុខុន បានណែនាំយ៉ាងដូច្នេះថា៖ «សូមសូមស្នើដល់ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់ រាជធានី-ខេត្ត ពិនិត្យ និងជួយអន្តរាគមន៍ទៅគ្រប់ការិយាល័យធម្មការ និងសាសនាក្រុង-ស្រុក-ខណ្ឌ ដើម្បីអន្តរាគមន៍ ទៅគ្រប់វត្ដអារាមទាំងអស់ឱ្យយកចិត្តទុកដាក់បញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋ យើងឱ្យយល់ដឹងកាន់តែច្បាស់ និងចូលរួមកាន់តែសកម្មក្នុងការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ពី រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន»

អាស្រ័យហេតុនេះ សូមលោកប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត ជួយជំរុញឱ្យ មានសកម្មភាពអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឱ្យបានទូលំទូលាយ៕