(ភ្នំពេញ)៖ លោក ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញ និងលោកស្រី កាមេយ ហារូកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រទេសកម្ពុជា បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេស ស្តីពី «គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ» ដែលគម្រោងនេះមានរយៈពេល៣ឆ្នាំ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ ខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរួមគ្នាដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ អនុវត្តឡើងក្នុងគោលបំណង ធ្វើឱ្យបរិស្ថានដឹកជញ្ជូនរាជធានីភ្នំពេញ មានភាពប្រសើរឡើងប្រកបដោយចីរភាព តាមរយៈប្រតិបត្តិការដ៏មានប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងចរាចរណ៍។ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នេះ ត្រូវបានណែនាំ និងដាក់ឱ្យអនុវត្ត កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងមក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ។

តាមរយៈការអនុវត្តនូវគម្រោងនេះ គេរំពឹងថាសមត្ថភាពរបស់មន្ត្រី ដែលទទួលបន្ទុកផ្នែកការងារគ្រប់គ្រងចរាចរណ៍ និង ការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញនឹងត្រូវបានពង្រឹង ហើយព្រមគ្នានេះផងដែរ មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍នឹងបន្តបំពេញមុខងាររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។

ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍសមត្ថភាពប្រកបដោយប្រសិទ្ធភាពតាមរយៈគម្រោង រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នឹងរួមចំណែកដល់ការអភិវឌ្ឍរាជធានីភ្នំពេញ កាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកប ដោយសុវត្ថិភាព៕