(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះពិនិត្យស្ថានភាពការរាតត្បាតជំងឺកូវីដ-១៩ នៅស្រុកពួក ស្រុកអង្គរជុំ ស្រុកវ៉ារិន ខេត្ដសៀមរាប និងបានបន្ដចុះទៅពិនិត្យកន្លែងចត្ដាឡីស័កនៅវត្តធិបតីពោធិរាម ក្នុងស្រុកពួក ដោយមូលហេតុមានព្រះសង្ឃ០១អង្គ បាននិមន្ដសូត្រមន្តនៅបុណ្យសពក្នុងភូមិ បានឆ្លងជំងឺកូវីដ១៩ ហើយចម្លងបន្ដ ដល់ព្រះសង្ឃចំនួន៧អង្គទៀត។

បច្ចុប្បន្ននេះព្រះសង្ឃដែលវិជ្ជមានកូវីដ១៩ បានបញ្ជូនទៅព្យាបាលមណ្ឌលព្យាបាលកម្រិតស្រាលនៅវិទ្យាល័យពួក ខេត្ដសៀមរាប។ ចំណែកព្រះសង្ឃដទៃទៀត ព្រមទាំងតាអាចារ្យ យាយជី និងកូនសិស្សលោក ទាំងអស់ត្រូវបានធ្វើចត្តាឡីស័កនៅក្នុងវត្ត។

បន្ទាប់មក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង និងក្រុមការងារក្រសួងសុខាភិបាល និងរដ្ឋបាលមូលដ្ឋាន ព្រមទាំងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានបន្តទៅភូមិសំបួរ ឃុំនគរភាស ស្រុកអង្គរជុំ ដែល មានករណីវិជ្ជមានកូវីដ-១៩។ អាជ្ញាធរមូលដ្ឋាន បានកំណត់យកភូមិនេះ ជាតំបន់ក្រហម និងបិទខ្ទប់។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានចូលពិនិត្យសកម្មភាពលក់ដូររបស់ប្រជាពលរដ្ឋ នៅផ្សារអង្គរជុំ ដើម្បីធ្វើការអប់រំផ្សព្វផ្សាយ និងបានចុះពិនិត្យសកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារពីអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងអាយុពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ។

រដ្ឋមន្ត្រីសុខាភិបាល ក៏បានបន្ដដំណើរចុះទៅភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ដែលមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែគ្មានករណីធ្ងន់ធ្ងរ និងគ្មានស្លាប់ទេ។ អាជ្ញាធរមូលដ្ឋាន ក៏បានសម្រេចបិទខ្ទប់ភូមិវ៉ារិននេះរួចទៅហើយ។ បន្ទាប់មកក្រុមការងារ ក៏បានចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅវិទ្យាល័យស្រែណូយ ដែលមានអ្នកជំងឺកំពុងសម្រាកព្យាបាល ប៉ុន្តែមិនមានករណីធ្ងន់ និងគ្មានអ្នកស្លាប់ទេ។

នៅគ្រប់ទីតាំង ដែលរដ្ឋមន្ត្រី ម៉ម ប៊ុនហេង និងក្រុមការងារចុះពិនិត្យ បានចែកសម្ភារអប់រំសុខភាព ខិតប័ណ្ណ និងពន្យល់ពីវិធីការពារ រួមទាំងវិធាន ៣ការពារ ៣កុំ ព្រមទាំងផ្តល់ការណែនាំថា បើមានរោគ សញ្ញាសង្ស័យត្រូវប្រញាប់រាយការណ៍ទៅក្រុមគ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន ឬតាមទូរស័ព្ទទាន់ហេតុការណ៍ ១១៥ និងចុចលេខ៤។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានពាំនាំនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់មន្រ្តីសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅ ខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕