(ភ្នំពេញ)៖ ភ្នាក់ងារវីងនៅទូទាំងប្រទេស បានស្ម័គ្រចិត្តបរិច្ចាគថវិកាសរុបចំនួន ៤៥,០០០ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមួយ បានផ្តល់ការថែទាំសុខភាព ដល់កុមារនៅកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំមកហើយ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិភ្នាក់ងារវីង ទើបតែត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២១នេះ ក្នុងគោលបំណងកៀរគរថវិកា ដើម្បីជួយគាំទ្រដល់បុព្វហេតុសង្គម ក្នុងមូលដ្ឋានរបស់ពួកគេ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា មានសារៈសំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេល ដែលកំពុងប្រឈម និងការរាតត្បាតនៃជំងឺកូវីដ-១៩។

ធនាគារ វីង សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ តាមរយៈមូលនិធិភ្នាក់ងារវីង ដើម្បីអំពាវនាវដល់ភ្នាក់ងារវីង នៅទូទាំងប្រទេស ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ, មូលនិធិភ្នាក់ងារ វីងបានកៀរគរថវិកាបរិច្ចាគចំនួន ៤៥,០០០ ដុល្លារអាមេរិក ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

លោក ស៊ុរន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារ វីង បានថ្លែងថា «យើងពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះសកម្មភាពប្រកប ដោយទឹកចិត្តសប្បុរស និងមានការលះបង់ខ្ពស់របស់ភ្នាក់ងាររបស់យើង ដើម្បីបុព្វហេតុកុមារនៅកម្ពុជា តាមរយៈការរួមគ្នាជាមួយមូលនិធិភ្នាក់ងារវីង បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា»

លោកបន្ដថា «យើងមានទីភ្នាក់ងារវីងជិត ១០,០០០ កន្លែងគ្រប់ស្រុកក្នុងប្រទេសកម្ពុជា ហេតុនេះហើយទើបធ្វើឲ្យយើង អាចកៀរគរថវិកាដើម្បីបុព្វហេតុនេះបាន។ ភ្នាក់ងាររបស់យើងមិនត្រឹមតែបំរើសេវាកម្មហិរញ្ញវត្ថុ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ពួកគេថែមទាំងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់ជនងាយរងគ្រោះ នៅក្នុងសហគមន៍របស់ពួកគេផងដែរ»

លោកស្រី ផេង សារ៉េត អាយុ៦១ឆ្នាំ ដែលជាភ្នាក់ងារវីង នៅក្រុងព្រះសីហនុ បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន១០០ដុល្លារអាមេរិក សម្រាប់បុព្វហេតុនេះផងដែរ ដោយបានលើកឡើងថា «ខ្ញុំចាំបានថានៅពេលដែលចៅខ្ញុំឈឺធ្ងន់ វាពិបាកណាស់ ដើម្បីស្វែងរកមន្ទីរពេទ្យដែលអាចជឿទុកចិត្តបានដើម្បីព្យាបាល។ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់ចៅរបស់ខ្ញុំ។ តាមរយៈមូលនិធិភ្នាក់ងារវីង ខ្ញុំអាចសំដែងការដឹងគុណដល់មន្ទីរពេទ្យគន្ធបុប្ផាបាន»។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ដល់ភ្នាក់ងារវីងដែលបានជួយគាំទ្រដល់មន្ទីរពេទ្យកុមារ ក្នុងអំឡុងពេលដ៏លំបាកនេះ។

លោក រស់ សីលវ៉ា បានថ្លែងថា «មូលនិធិពិតជាត្រូវការការគាំទ្រពីសាធារណជន ដើម្បីជួយឲ្យប្រតិបត្តិការ របស់មន្ទីរពេទ្យគន្ធបុប្ផាអាចដំណើរការបានយ៉ាងរលូន។ ការបរិច្ចាគរបស់ភ្នាក់ងារ នឹងជួយដល់កុមារដែលកំពុងមានតម្រូវការពិនិត្យ និងព្យាបាលជំងឺ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់ភ្នាក់ងារ វីង និងសម្រាប់ការជួយលើកកម្ពស់យុទ្ធនាការសប្បុរសធម៌ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា»

មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃ ចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner។

មន្ទីរពេទ្យបានចំណាយថវិកាប្រមាណ៤០លានដុល្លារ សម្រាប់ប្រតិបត្តិការក្នុងមួយឆ្នាំៗ។ កុមារជាង ៦៣៩,២៦០នាក់ បានមកទទួលការពិនិត្យ និងព្យាបាល និងអ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៣,០២៦នាក់ បានមកសម្រាក និងព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ដោយឥតគិតថ្លៃ នៅក្នុងឆ្នាំ២០២០ កនុ្លងទៅនេះ។

ភ្នាក់ងារវីង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបានជួយសម្រួលលំហូរសាច់ប្រាក់ប្រកបដោយភាពងាយស្រួល ជាពិសេសដល់ស្រ្តីនៅក្នុងសហគមន៍របស់ពួកគេ។

អ្នកប្រើប្រាស់សេវាកម្មវីង អាចចូលរួមចំណែកដល់កិច្ចការសប្បុរសធម៌នេះ តាមរយៈការបរិច្ចាគទៅគណនីប្រាក់រៀលលេខ ៥៥៥៩ ឬគណនីប្រាក់ដុល្លារលេខ ៥៥៥៨ ឬតាមភ្នាក់ងារវីង នៅទូទាំងប្រទេសកម្ពុជា ដោយមិនគិតថ្លៃសេវា។ ធនាគារវីងធានាថា ប្រាក់វិភាគទានសប្បុរសធម៌១០០% នឹងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា៕