(ភ្នំពេញ)៖ លោកបណ្ឌិត សេង សារី អ្នកវិភាគសង្គម បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអំពាវនាវឱ្យស្ថាប័នតុលាការ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនរូបលោក។

ការអំពាវនាវឱ្យស្ថាប័នតុលាការ បញ្ឈប់ដីកាចាប់ខ្លួន បណ្ឌិត សេង សារី ធ្វើឡើងតាមរយៈ Facebook នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោយសម្តេចតេជោ ហ៊ុន សែន យល់ថា ការបកស្រាយរបស់លោកបណ្ឌិត សមហេតុផលចំពោះការវិភាគអំពីសេនារីយោ ៦ចំណុច។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក សេង សារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលដែលខ្ញុំឃើញសំណេររបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅក្នុងផេករបស់សម្តេចនោះ ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពបន្តិចហើយ ប៉ុន្តែទោះបីជាយ៉ាងណា ខ្ញុំសូមអរគុណចំពោះសម្តេច ដែលបានយោគយល់ ហើយទទួលយកការបកស្រាយរបស់ខ្ញុំ ដែលខ្ញុំបានបកស្រាយនៅក្នុងកម្មវិធី The Cambodia Daily នៅយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១»

ការសម្រេចចិត្តរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបណ្ឌិត សេង សារី ចាត់ទុកថា ជាសញ្ញាណមួយដ៏ល្អ ដែលប្រមុខរាជរដ្ឋាភិបាល បានបង្ហាញពីការបើកចិត្តស្តាប់ នៅក្នុងការបកស្រាយរបស់អ្នកស្រាវជ្រាវ ឬក៏អ្នកវិភាគសង្គម។ លោកបណ្ឌិត ថែមទាំងចាត់ទុកថា នេះក៏ជាសញ្ញាណមួយ បង្ហាញការលើកទឹកចិត្ត ដើម្បីឲ្យអ្នកស្រាវជ្រាវផ្សេងទៀត ក៏ដូចជាអ្នកវិភាគសង្គម ចូលរួមកាន់តែសកម្មនៅក្នុងការផ្តល់នូវធាតុចូលសំខាន់ៗ ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម ក៏ដូចជាដោះស្រាយនូវបញ្ហានយោបាយកម្ពុជា។

លោក សេង សារី បានពន្យល់បន្ថែមការវិភាគរបស់លោកថា៖ «សេនារីយោទាំង៦ គឺខ្ញុំវិភាគពីលទ្ធភាពនៃកម្លាំង ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា។ ដូច្នេះ អ្វីដែលខ្ញុំផ្តល់នូវការវិភាគ ជាសេនារីយោនេះ គឺជាធាតុចូលខ្លះ ដើម្បីឲ្យរាជរដ្ឋាភិបាល ពិចារណលើការបន្ថូរបន្ថយ ការកៀបសង្កត់ ឬការគំរាមកំហែង ទៅលើកម្លាំងទាំង៦ ដែលខ្ញុំបានលើកឡើង បើសិនជាកម្លាំងទាំង៦នេះ ទទួលនូវការគំរាមកំហែង ទទួលនូវការកៀបសង្កត់កាន់តែខ្លាំង។ ខ្ញុំគិតថា បើសិនជាក្នុងករណីកម្លាំង៣ ក្នុងចំណោមកម្លាំង ៦នេះ ងើបឡើងតវ៉ា ទាមទារទៅរកយុត្តិធម៌ ទាមទារឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាល វាអាចធ្វើឲ្យមានវិបត្តិនយោបាយធ្ងន់ធ្ងរ»

សម្រាប់បណ្ឌិត សេង សារី គឺលោកឈរលើគោលការណ៍ផ្លាស់ប្តូរ តាមគោលការណ៍ប្រជាធិបតេយ្យ ហើយទោះបីជាការផ្លាស់ប្តូរតាមរយៈការធ្វើមហាបាតុកម្ម ដោយមានការងើបឡើង នៃកម្លាំង៣ ក្នុងចំណោមកម្លាំង ៦ក៏ដោយ វាមិនមែនជាជម្រើសល្អ សម្រាប់កម្ពុជាទេ។ លោកកត់សម្គាល់ថា មានតែការផ្លាស់ប្តូរនយោបាយ តាមរយៈការបោះឆ្នោត ហើយសៃវៀននយោបាយរបស់កម្ពុជា តាមរយៈការបោះឆ្នោតនេះ នៅតែជាមធ្យោបាយមួយដ៏ល្អ ដែលធ្វើឲ្យនយោបាយកម្ពុជា ឈរលើគន្លងប្រជាធិបតេយ្យដដែល។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានអំពាវនាវឱ្យស្ថាប័នតុលាការកម្ពុជា ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោក សេង សារី ក្រោយបកស្រាយសមហេតុផលចំពោះ «ការវិភាគអំពីសេនារីយោ ៦ចំណុច»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យភរិយា កូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំព្រួយបារម្ភចំពោះរឿងនេះ៕