(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង តាមរយៈលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង និងក្រុមការងារ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនលោក ឡឹក សារ៉ាវ័ន្ត ដែលជាជនពិការ រស់នៅជាមួយកូនតូច២នាក់ ដែលមានជីវភាពទីទាល់ក្រខ្លាំង ស្ថិតក្នុងភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំខេត្តព្រៃវែង។

ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនៅសាលាឃុំជើងភ្នំ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមពីអាជ្ញាធរដែនដីជាច្រើនរូបផងដែរ។

លោក ឡឹក សារ៉ាវ័ន្ត ដែលមានការខ្វះខាត សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកលោក សួន សុម៉ាលីន អភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរដែនដី ដែលបានជួយអន្តរាគមន៍ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះពលរដ្ឋមានជីវភាព ខ្វះខាត ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដោះស្រាយជីវភាពបានគ្រាធំ។

លោក ឡឹក សារ៉ាវ័ន្ត បានឱ្យដឹងថា សព្វថ្ងៃរូបលោកជាបុរសពោះម៉ាយ រស់នៅនៅជាមួយកូនតូចៗចំនួន២នាក់មាន ជីវភាពខ្វះខាត រកព្រឹក ខ្វះល្ងាច ហើយថ្ងៃខ្លះរកតែអង្ករដាំបាយគ្មានឡើយ ក្នុងស្ថានភាពបែបនេះធ្វើឱ្យគាត់ជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ។ ប្រពន្ធរបស់លោកបានចាកចេញពីផ្ទះរយៈពេល ៥ឆ្នាំមកហើយទៅធ្វើការនៅប្រទេសថៃ មិនដែលមកផ្ទះមើលកូននោះទេ ខណៈដែលលោកមានជំងឺប្រចាំកាយលើសឈាម បាត់បង់កាយសម្បទា៥០% ទើបប្រពន្ធរបស់លោកមិនអាចស៊ូទ្រាំរស់ នៅជាមួយបាន ហើយក៏បានចាកចេញទៅមិនវិលត្រឡប់ឡើយ។

លោកបានបន្តថា ចំពោះអាជ្ញាធរភូមិឃុំរបស់លោករស់នៅសព្វថ្ងៃ គឺលោកបានស្នើសុំជាអង្ករ និងគ្រឿងឧបភោគបរិភោគដែរ តែមិនទាន់បាន បែរនៅក្នុងផ្ទះរបស់លោក ពុំមានអង្ករដាំបាយឱ្យកូន ទើបលោកដាច់ចិត្តបង្ហោះតាមហ្វេសប៊ុករកសប្បុរសជន ឱ្យជួយលោកក្នុងគ្រាដ៏លំបាកនេះ។

ក្នុងស្ថានភាពបែបនេះលោក ឡឹក សារ៉ាវ័ន្ត មានតែលើកម្រាមដៃដប់ អំពាវនាវរកសប្បុរសជនជួយលោកក្នុងគ្រាដ៏លំបាកនេះ ហើយលោកមិនចង់បានអ្វីក្រៅពីសុំអង្ករ និងគ្រឿងឧបភោគបរិភោគឱ្យកូនតូចៗរបស់គាត់បានហូបមួយឆ្អែតនោះឡើយ ព្រោះពេលនេះលោកពុំមានអ្វីឡើយ៕