(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថ្លែងថា សមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ត្រូវធ្វើសកម្មភាពកាន់តែល្អប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត និងគាំទ្រឲ្យបានកាន់តែច្រេីន។

ការថ្លែងបែបនេះក្នុងពេលដែលលោកស្រីជួបប្រជុំជាមួយមន្ត្រីគណបក្សស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។

ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី បានផ្សព្វផ្សាយអំពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់សមាជិក សមាជិកាទាំងអស់ និងបានណែនាំដល់សមាជិក-សមាជិកាគណបក្សស្រុក គណបក្សឃុំ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាព។

លោកស្រីបានបន្តថា ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់រៀបចំពិធី និងកិច្ចប្រជុំផ្សេងៗឱ្យបានសមស្របតាមសភាពការណ៍ជាក់ស្ដែង ពិសេសត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមវិធានការ “៣ការពារ និង៣កុំ” ត្រូវពង្រឹងរបៀបរបបធ្វើការងារឱ្យបានច្បាស់លាស់ ដូចជា ការប្រជុំ ការរៀបចំបូកសរុបលទ្ធផលការងាររបស់ខ្លួនឱ្យបានជាប់ជាប្រចាំតាមសេចក្ដីណែនាំរបស់គណបក្សបានកំណត់។

លោកស្រីបានជំរុញឱ្យសមាជិកបន្តកសាងពង្រឹងលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ក្នុងការដឹកនាំអនុវត្តភារកិច្ចនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់គោលការណ៍សមូហភាព ដឹកនាំបុគ្គលម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបធ្វើការច្បាស់លាស់ ប្រជុំជីវភាពបក្ស និងរៀបចំរបាយការណ៍បានទៀងទាត់។

រីឯការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ត្រូវឈរលើមូលដ្ឋានយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមប្រតិទិនការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខិតខំរៀបចំសមាសភាពបេក្ខជនឱ្យបានល្អ ជាពិសេសយកចិត្តទុកដាក់ជ្រើសរើសឱ្យបាននូវបេក្ខជនវ័យក្មេង និងបេក្ខនារី ដែលប្រជាជនក្នុងមូលដ្ឋានស្រលាញ់រាប់អាន គាំទ្រ និងជឿទុកចិត្ត ព្រមទាំងបង្កលក្ខណៈសម្បត្តិឱ្យសមាសភាពបេក្ខជនទាំងនោះធ្វើសកម្មភាពកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី ក៏បាននាំយកសម្ភារៈទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចាក់ថ្នាំទៅដល់កុមារអាយុ ៦ឆ្នាំដល់ក្រោម ១២ឆ្នាំ នៅមណ្ឌលសុខភាពព្រៃប្រស់ និងបានអំពាវនាវដល់មាតាបិតាសូមនាំកូនមកចាក់
វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា និងចូលរួមបន្តអនុវត្តនៅវិធានការ ៣កុំ ៣ការពារ៕