(ភ្នំពេញ)៖ ថ្លែងទៅកាន់សន្និបាតប្រចាំឆ្នាំ២០២១ នៃសមាគមវេជ្ជបណ្ឌិតចិនពិភពលោក លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានថ្លែងថា ភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ-១៩ និងល្បឿននៃការចាក់វ៉ាក់សាំងមិនស្ថិតនៅលើប្រទេសធំ ឬតូចនោះទេ តែស្ថិតនៅសមត្ថភាពនៃមេដឹកនាំនៃប្រទេសនីមួយៗ។

ការថ្លែងដូច្នេះ របស់មន្ដ្រីជាន់ខ្ពស់រូបនេះ ក្នុងឱកាសអញ្ជើញឱ្យចូលរួមក្នុងវេទិកាវេជ្ជសាស្រ្តដ៏ធំរបស់ពិភពលោកតាមប្រព័ន្ធអនឡាញ គឺសន្និបាតប្រចាំឆ្នាំ២០២១ នៃសមាគមវេជ្ជបណ្ឌិតចិនពិភពលោក និងវេទិកានវានុវត្តន៍ នៃឧស្សាហកម្មជីវ-ឱសថ និងវិទ្យាសាស្រ្តវេជ្ជសាស្រ្ត (The 2021 Annual Conference of World Association of Chinese Doctors and Innovation Forum of Bio-Pharmaceutical Industry and Medical Sciences) ដែលមានការអញ្ជើញចូលរួមពីសាស្រ្តាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេសឆ្នើមៗ និងអ្នកវិទ្យាសាស្រ្តល្បីៗលើវិស័យវេជ្ជសាស្រ្តរបស់ចិនមកពីទ្វីបទាំង៥ ជុំវិញពិភពលោកប្រមាណជាង១,០០០នាក់ នៅថ្ងៃទី១៨ និង១៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត Zhang Yanling ប្រធានបណ្ឌិតសភាស្រាវជ្រាវវិទ្យាសាស្រ្តវេជ្ជសាស្រ្តនៃកងទ័ពរំដោះប្រជាជនចិន (PLA) ឋាន:ស្មើរដ្ឋមន្ត្រី លោក Xue Qingguo អភិបាលរងក្រុងឈីងតាវ (Qingdao) និងលោកសាស្រ្តាចារ្យបណ្ឌិត Manson Fok ប្រធានសមាគមវេជ្ជបណ្ឌិតចិនពិភពលោក និងជាស្ថាបនិកនៃមូលនិធិ Yok YING-Tung Prize (Henry Fok Foundation) ផងដែរ។

លោកបណ្ឌិត ហេង សុខគង់ បានថ្លែងថា ភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ-១៩ និងល្បឿននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាជននៃបណ្តាប្រទេសនីមួយៗមិនស្ថិតនៅលើប្រទេសធំ ឬតូចនោះទេ តែស្ថិតនៅសមត្ថភាពនៃមេដឹកនាំនៃប្រទេសនីមួយៗ។

ជាក់ស្តែងនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្រ្តច្បាស់លាស់ជាពិសេសយុទ្ធសាស្រ្តការទូតដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយយកមហាមិត្តចិន ជាបង្អែកយុទ្ធសាស្រ្ត ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង និងបណ្តាប្រទេសជាមិត្តដទៃទៀត ជាប្រភពគាំទ្រវ៉ាក់សាំង កម្ពុជាទទួលបាននូវលទ្ធផលយ៉ាងល្អបំផុត ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយ:ពេល១៨ខែដំបូង នៃការរីករាលដាលរបស់ពិភពលោក ចាប់តាំងពីចុងឆ្នាំ២០១៩មក។ ទោះបីមានការរីករាលដាលយ៉ាងខ្លាំងនៅប្រទេសជិតខាង និងមានការឆ្លងចូលសហគមន៍យ៉ាងណាក្តី តែកម្ពុជាក៏នៅតែអាចទប់ស្កាត់បានអត្រានៃការចម្លងជាលក្ខណ:ទ្រង់ទ្រាយធំ រីឯអត្រានៃការព្យាបាលជាគឺមានកម្រិតខ្ពស់ (៩៣%) និងអ្នកស្លាប់គឺមានភាគរយតិចតួចបំផុត (០,០២%) ។

ដោយកម្ពុជាបានត្រៀមលក្ខណ:ទុកយ៉ាងល្អប្រសើរបំផុតនូវសម្ភារវេជ្ជសាស្រ្ត ភាពវ័យឆ្លាតក្នុងការប្រែក្លាយសាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអាពាហ៍ពិពាហ៍ជាមណ្ឌលព្យាបាលកូវីដ-១៩ ព្រមទាំងទិញ និងប្រែក្លាយមន្ទីរពេទ្យមួយចំនួនទៀតជាមន្ទីរព្យាបាលកូវីដ-១៩ កម្រិតធ្ងន់ភ្លាមៗដោយជោគជ័យ។ ជាមួយគ្នានេះអត្រានៃការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា គឺមានចំនួនខ្ពស់គួរជាទីមោទន: ក្នុងនោះបានចាក់ជូនប្រជាជនអាយុ១៨ឆ្នាំឡើងបាន ៩៨,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់ និងលើកុមារអាយុពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១៤,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២នាក់ ក៏ដូចជាការចាក់ដូសទី៣ ជូនប្រជាជនកម្ពុជា បានប្រមាណជិត១លាននាក់ និងជាពិសេស គឺការគិតគូរមុនក្នុងការត្រៀមចាក់វ៉ាក់សាំងជូនដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៦ឆ្នាំផងដែរ។

ថ្វីត្បិតកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាប តែកម្ពុជាជាប្រទេសមានបេះដូងធំទូលាយ ជាក់ស្តែងក្នុងការអនុញ្ញាតឱ្យនាវា Wester dam ដែលបណ្តាប្រទេសជាច្រើន រួមទាំងមហាអំណាចមួយចំនួនផង មិនហ៊ានអនុញ្ញាតឱ្យចូលចត ការចែករំលែកនូវសម្ភារវេជ្ជសាស្រ្តដល់បណ្តាប្រទេសជិតខាង និងក្នុងតំបន់ដូចជា វៀតណាម ឡាវ មីយ៉ាន់ម៉ា បង់ក្លាដេស និងទីម័រឡេស្តេជាដើម ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា ដូច្នេះភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ និងលទ្ធភាពនៃការចាក់វ៉ាក់សាំង គឺមិនស្ថិតនៅលើថាប្រទេសនោះធំឬតូចទេ តែស្ថិតនៅលើសមត្ថភាព ឆន្ទ: ចក្ខុវិស័យ យុទ្ធសាស្រ្ត នៃភាពជាមេដឹកនាំរបស់ប្រទេសនោះ ហើយកម្ពុជាក៏អរគុណដល់មហាមិត្តចិន ដែលជាមិត្តល្អ ដៃគូល្អ បងប្អូនល្អ និងអ្នកជិតខាងល្អ ដែលតែងនៅជាមួយកម្ពុជា និងជួយគ្នាទៅវិញទៅមកនៅគ្រប់កាល:ទេស:។

លោបណ្ឌិត ហេង សុខគង់ ក៏បានលើកឡើងពីការចូលរួមចំណែកយ៉ាងសកម្មដូចភ្លៀងរលឹម របស់ ស.ស.យ.ក និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ក្រោមការចង្អុលបង្ហាញ និងណែនាំជាប្រចាំរបស់ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា ដូចជាក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ ការផ្តល់សេវាពិគ្រោះយោបល់ និងលើកទឹកចិត្តបឋមដល់ប្រជាជន ដែលមានបញ្ហាផ្លូវចិត្តក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ និងការត្រៀមខ្លួនជាស្រេចលើបេសកកម្មថ្មីៗផ្សេងៗទៀត។

ជាមួយគ្នានេះដែរ នៅក្នុងសុន្ទរកថារបស់លោក Zhang Yanling ក៏ដូចជាលោកសាស្រ្តាចារ្យបណ្ឌិត Mansok Fok បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ លើការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយថាប្រទេសចិន និងកម្ពុជា គឺជាមិត្តចាស់ មិត្តល្អ និងជាមិត្តដែកថែប ។ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យបណ្ឌិត Mansok Fok ក្នុងនាមជាប្រធានសមាគមវេជ្ជបណ្ឌិតចិនពិភពលោក បានគាំទ្រកម្ពុជាក្នុងការបង្កើតសមាគមវេជ្ជបណ្ឌិតចិននៅកម្ពុជា ដោយចាប់ផ្តើមពីក្រុមនិស្សិតកម្ពុជា ឬវេជ្ជបណ្ឌិតកម្ពុជាដែលបញ្ចប់ការសិក្សានៅប្រទេសចិន នឹងសិក្សាលទ្ធភាពក្នុងការឧបត្ថម្ភគាំទ្រផ្សេងៗ ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា -ល- លើវិស័យវិទ្យាសាស្រ្តវេជ្ជសាស្រ្តរបស់សមាគមនៅកម្ពុជា៕