(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ទៅកម្លាំងសង្គ្រោះនៅគ្រប់បណ្តាអង្គភាពទាំងអស់ ឱ្យត្រៀមខ្លួនចេញជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ក្នុងគ្រាដែលកម្ពុជានឹងទទួលរងឥទ្ធិពលអាកាសធាតុមិនល្អនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយច្រើននៅចុងខែកញ្ញានេះ។

ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងពេលចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២០ របស់កងពលធំអន្តរាគមន៍លេខ២ នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងកិច្ចសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះកងកម្លាំងទាំងអស់។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងពីភាពប្រឈមរបស់កម្ពុជាពីឥទ្ធិពលអាកាសធាតុមិនល្អមួយចំនួន ដែលអាចនឹងនាំឱ្យកម្ពុជាមានខ្យល់បោកបក់ខ្លាំង និងមានការធ្លាក់ភ្លៀងពីមធ្យម ទៅច្រើនរាយប៉ាយពាសពេញផ្ទៃប្រទេស។ បើតាមលោកទេសរដ្ឋមន្ត្រី ឥទ្ធិពលនេះ អាចនឹងនាំឱ្យកម្ពុជារងនូវជំនន់ទឹកភ្លៀង ជំនន់ទឹកទន្លេមេគង្គ នៅតាមបណ្តាខេត្តជាប់ដងទន្លេមេគង្គ និងខេត្តភាគពាយព្យប្រទេសផងដែរ។

ប្រឈមនឹងស្ថានភាពបែបនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកកម្លាំងសង្គ្រោះត្រៀមលក្ខណៈសម្បត្តិក្នុងការចេញសង្គ្រោះ។ ជាពិសេសត្រូវពិនិត្យ និងត្រៀមសម្ភារ និងឧបករណ៍នានា ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការសង្គ្រោះ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះ «រឿងដែលគិតគូរចម្បង ត្រូវយកចិត្តទុកដាក់មុនគេនៅពេលមានគ្រោះមហន្តរាយ ជាពិសេសទឹកជំនន់នោះ គឺសង្គ្រោះជីវិតប្រជាពលរដ្ឋ មិនត្រូវឱ្យពលរដ្ឋត្រូវគ្រោះថ្នាក់ដល់អាយុជីវិតដោយយើងមិនបានសង្គ្រោះនោះឡើយ។ ដូច្នេះកម្លាំងសង្គ្រោះយើងត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានជាប់ជាប្រចាំទាំងកម្លាំង និងយុទ្ធោបករណ៍សម្រាប់ប្រតិបត្តិការសង្គ្រោះ។ ពេលមានគ្រោះមហន្តរាយកម្លាំងយើងត្រូវចេញភ្លាមមិនត្រូវបង្អែបង្អង់ឡើយ»

ក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី ក៏បានឱ្យដឹងផងដែរថា ដើម្បីត្រៀមលក្ខណៈប្រយុទ្ធនឹងគ្រោះមហន្តរាយរំដោះអាយុជីវិតពលរដ្ឋនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំរចនាសម្ព័ន្ធសង្គ្រោះមួយច្បាស់លាស់នៅតាមយោធភូមិភាគទាំង៦ និងបណ្តាអង្គភាពមួយចំនួន ហើយបានបើកការហ្វឹកហ្វឺនបង្កើនសមត្ថភាពសង្គ្រោះ ព្រមទាំងបានបំពាក់សម្ភារ និងឧបករណ៍ចាំបាច់ផ្សេងៗក្នុងប្រតិបត្តិការសង្គ្រោះនេះផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ ជាពិសេសប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សានេះ។ ត្រូវតាមដានឱ្យជាប់នូវព័ត៌មានប្រមានជាមុនពីស្ថានភាព អាកាសធាតុ និងសេចក្តីជូនដំណឹងផ្សេងៗរបស់ក្រសួងជំនាញ និងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមលក្ខណៈជាមុនបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ដែលសុទ្ធសឹងជាខ្សែបណ្តាញរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការផ្សព្វផ្សាយព័ត៌មានគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ និងត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីជួយសង្គ្រោះពួកគេពេលមានគ្រោះមហន្តរាយកើតឡើង៕