(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាំយកថវិកាចំនួន៥៨,០០០ដុល្លារ របស់មាតាបង្កើតសម្ដេច គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មកប្រគល់ជូនមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់កសាងកំពូលមហាប្រាសាទបុស្បុកធំ ដែលជាកំពូលខ្ពស់ជាងគេ នៅលើប្រាសាទនេះ។ ពិធីប្រគល់ និងទទួល ថវិកាដ៏ថ្លៃថ្លានេះ បានធ្វើឡើងភ្ជាប់ជាមួយកម្មវិធីនាទីស្វែងយល់ព្រះពុទ្ធសាសនា នៅអគារធិការពុទ្ធកៈសិក្សាជាតិក្នុងរាជធានីភ្នំពេញ។

លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងថា ការប្រគល់ថវិការបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជូនមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថានេះ ជាលើកទី២ហើយ ថវិកាសរុបចំនួន ១០៨,០០០ដុល្លារ ដើម្បីសម្រាប់សាងសង់កំពូលប្រាសាទបុស្បុកធំ ដែលជាកំពូលខ្ពស់ជាងគេ នៅលើប្រាសាទ នៃមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងនៅភូមិអូរសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ក្នុងរមណីយដ្ឋានឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យ។

បន្ទាប់ពីទទួលថវិការួចមកមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា និងសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា និងព្រះសង្ឃចំនួន៦អង្គទៀត ដែលបាននិមន្តចូលរួម ក្នុងកម្មវិធីនាទីស្វែងយល់ព្រះពុទ្ធសាសនា បានឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លាក្នុងថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ដែលបានធ្វើកាលកិរិយាទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ទីឋានបរមសុខជានិច្ចនិរន្តតរៀងទៅ។

មួយផ្នែកនៃផលទាននេះដែរ ក៏សូមលើកថ្វាយចំពោះព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី និងចៅៗ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

ជាមួយគ្នានេះ មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា តាមនាមឱ្យមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជាបានថ្លែងថា «ខ្ញុំមានសេចក្ដីត្រេកអររីករាយជាអនេកកប្បកា ចំពោះទឹកចិត្ដជ្រះថ្លា ក្នុងកុសលធម៌របស់មាតាបង្កើត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលលោកមានសទ្ធាជ្រះថ្លា នាំយកបច្ច័យចំនួន ១០៨,០០០ដុល្លារ ចូលរួមក្នុងការកសាងកំពូលមហាប្រាសាទបុស្បុកដ៏ធំ ក៏ដូចជាកសាងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា។ នេះជាមហាកុសលដ៏ថ្លៃថ្លាបំផុត ព្រោះថាមហាប្រាសាទនេះ តំកល់ព្រះត្រៃបិដក»

មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានថ្លែងបន្ដថា លោកព្រះអង្គទ្រង់សំដែងថា ការចារព្រះត្រៃបិដក ពាក្យមួយម៉ាត់ស្មើនឹងការកសាងព្រះពុទ្ធមួយអង្គ ដូច្នេះការកសាងមហាប្រសាទតំកល់ព្រះត្រៃបិដក គឺបានបុណ្យចំនួន២ដ៏វិសេសវិសាល គឺទី១៖ គឺបានបុណ្យធម្មទាន ដែលជាទាននាំមកនូវសេចក្ដីសុខ លាចាកផុតទុក្ខ, ទី២៖ គឺប្រាសាទតំកល់ព្រះត្រៃបិដកនេះ ពុទ្ធបរិស័ទដែលអញ្ជើញទៅ គឺបានថ្វាយបង្គុំគោរពបូជា។

មហាប្រាសាទនេះ គឺជាម្លប់ដ៏ត្រជាក់ សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ ប្រុស ស្រី ក្មេង ចាស់ មកអង្គុយថ្វាយបង្គុំព្រះបាន មិនថាយប់ ឬថ្ងៃ។ ប្រសិនបើឆ្លាក់ហើយនៅហាលថ្ងៃ ត្រូវភ្លៀវ ក៏មិនអាចអង្គុយថ្វាយបង្គុំកើតដែរ។ ហេតុដូច្នេះ ការមានប្រាសាទ ដូចមានវិមាននៅតែម្ដង ដែលនេះបង្ហាញជាគំរូដ៏ល្អ ដល់មហាជន និងប្រជាជន ដែលមានមាតារបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមកសាងកំពូលប្រាសាទ តំកល់ព្រះត្រៃបិដកនេះ។ មហាប្រាសាទនេះ ក៏នឹងសាងសង់ជិតរួចជាស្ថានពរហើយ ដោយចំណាយថវិកាសរុបប្រមាណជាង៣លានដុល្លារ។

តាមការបញ្ជាក់របស់មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានឲ្យដឹងថា មជ្ឈមណ្ឌលនេះ ត្រូវបានផ្តើមសាងសង់ នៅលើផ្ទៃដី ១២៦ហិកតា ដែលជាដីសម្បទាន ពីរាជរដ្ឋាភិបាល ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងចំណាយថវិកាខ្ទង់រាប់សិបលានដុល្លារ ដែលអាចចាត់ទុកថា គឺជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ដ៏ធំជាងគេបំផុតពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយនឹងក្លាយជាសម្បត្តិវប្បធម៌ របស់ជាតិដ៏ធំមួយនៅកម្ពុជា។ ការកសាងសំណង់ផ្សេងៗនេះ ដើម្បីលើកតម្កើង ព្រះពុទ្ធសាសនា ពិសេស ដើម្បីជាបុណ្យកុសល មនុស្សទូទៅ និងទុកជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិយើង។

តាមគម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងត្រូវស្ថាបនាមហាប្រាសាទចំនួន៤ និងព្រះចូឡាមនីចេតិយមួយនៅចំកណ្ដាលមហាប្រាសាទទាំង៤។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ បាននិងកំពុងបន្តសា្ថបនាព្រះចូឡាមនីចេតិយ ដើម្បីតម្កល់ព្រះពុទ្ធរូបចំនួន ៨៤,០០០ព្រះអង្គ ដែលសំណង់នេះមាន ទំហំ៣០០ម៉ែត្រក្រឡា មានថែវ៩ជាន់ កំពូលចំនួន២៩ តាមរចនាបទប្រាសាទអង្គរ។

ជាងនេះទៀត មហាឧបាសិកា សូមថ្លែងអំណរគុណ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមាតារបស់សម្តេច គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានបរិច្ចាគថវិកា ចូលរួមចំណែក ក្នុងការស្ថាបនា សំណង់ព្រះពុទ្ធសានាដ៏ស្កឹមស្កៃនេះឡើង ទុកជាសម្បត្តិគរុភណ្ឌរបស់ជាតិ ជាយូរអង្វែងតរៀងទៅ៕