(កំពង់ធំ)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានដាស់តឿនដល់មន្ត្រីបក្សទាំងអស់ ឱ្យត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដោយលោកបានសង្កត់ធ្ងន់ថា «មន្ត្រីគណបក្សទាំងអស់ត្រូវហ៊ានលះបង់នូវប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍ប្រជាជន»

ការថ្លែងយ៉ាងដូច្នេះរបស់លោក សុខ លូ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសផ្លាស់ប្តូកែសម្រួល និងតែងតាំងប្រធានគណបក្សស្រុកសន្ទុក ស្រុកស្ទោង ស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងផ្សេងគ្នា ដោយមានការចូលរួមពីប្រធានក្រុមការងារ ឃុំ ស្រុកផងដែរ។

លោក សុខ លូ លើកឡើងថា រាល់ការបោះឆ្នោត គឺផ្លាស់ប្ដូរតួនាទីក្នុងរដ្ឋ រីឯតួនាទីក្នុងបក្ស ក៏មានការផ្លាស់ប្តូរដែរ ដើម្បីបន្តនិរន្តរភាពនៃការគ្រប់គ្រងគណបក្សនៅថ្នាក់មូលដ្ឋានរបស់ខ្លួនជាបន្តទៀត ព្រមទាំងជំរុញដល់លោកប្រធានគណបក្សស្រុកថ្មីនៅពេលនេះ ត្រូវពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង។

លោកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃខាងមុខនេះ នឹងជិតឈានមកដល់ហើយ ដែលតម្រូវឲ្យគណបក្សស្រុកត្រូវតែខិតខំដុតដៃដុតជើងក្ដាប់ឲ្យជាប់នូវគុណភាពសមាជិកបក្ស ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់នៅទីនេះតាំងពីថ្នាក់ភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក និងជំរុញឱ្យបន្តកសាងពង្រឹងលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តភារកិច្ចនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំបុគ្គលម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបធ្វើការច្បាស់លាស់។

លោកបន្តថា ការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឈរលើមូលដ្ឋានក្តាប់ជាប់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស និងបទពិសោធន៍នៃការបោះឆ្នោត នាពេលកន្លងមក យកចិត្តទុកដាក់អនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមប្រតិទិនការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខិតខំរៀបចំសមាសភាពបេក្ខជនឱ្យបានល្អ ជាពិសេសយកចិត្តទុកដាក់ជ្រើសរើសឱ្យបាននូវបេក្ខជនវ័យក្មេង និងបេក្ខនារី ដែលប្រជាជនក្នុងមូលដ្ឋានស្រលាញ់រាប់អានគាំទ្រ និងជឿទុកចិត្តព្រមទាំងបង្កលក្ខណៈសម្បត្តិឱ្យសមាសភាពបេក្ខជនទាំងនោះធ្វើសកម្មភាពកាន់តែល្អប្រសើរបន្ថែមទៀត។

លោកបានជំរុញដល់លោកប្រធានគណបក្សស្រុកថ្មី ដែលទើបនឹងទទួលបានការតែងតាំងនៅពេលនេះ ត្រូវខិតខំកសាងសមាជិកបក្សបន្ថែមទៀត ជាពិសេសក្រុមយុវជនដោយសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតពិតប្រាកដមួយសន្លឹក។

លោកបានថ្លែងយ៉ាងដូច្នេះថា «ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃខាងមុខ មន្ត្រីគណបក្សទាំងអស់ត្រូវហ៊ានលះបង់នូវប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍ប្រជាជន»

សូមជម្រាបថា ក្នុងពិធីប្រកាសសម្រួលភារកិច្ច ផ្ទេរភារកិច្ច និងតែងតាំង ប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុក ស្រុកស្ទោង ស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ មាន៖

* លោក ឡង គីសឹង ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសន្ទុក។

* លោក សាយ គីមឡម ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង។

* លោក អ៊ុត វណ្ណរ៉ា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់។

* លោក ទង់ គឹមតុល ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ។

ជាមួយគ្នានេះ ប្រធានគណបក្សស្រុកថ្មីដែលទើបតែងតាំងថ្មីបានប្តេជ្ញាចិត្តខិតខំអនុវត្ត និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈបទបញ្ញាផ្ទៃក្នុង គោលយោបាយ គោលការណ៍ណែនាំ និងលិខិតបទដ្ឋាននានារបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចដោយយកអស់កម្លាំងកាយចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើគណបក្សប្រជាជនកម្ពុជាឲ្យអស់ពីកម្លាំងកាយចិត្តពីថ្លើម ដោយគ្មានលក្ខខណ្ឌរក្សាក្រមសីលធម៌ និងពង្រឹងស្មារតីភាពផ្ទៃក្នុងគណបក្សប្រជាជនឲ្យបានល្អប្រសើរ ខិតខំបំពេញសេចក្តីត្រូវការ និងដោះស្រាយសំណូមពរ បញ្ហាប្រឈមជូនសមាជិកគណបក្សប្រជាជននៅមូលដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីជីវភាពសុខដុមរមនាថ្លៃថ្នូរ និងអភិវឌ្ឍជានិរន្តរ៍ប្ដេជ្ញាខិតខំដឹកនាំឱ្យទទួលបានជោគជ័យនូវមូលដ្ឋាន ពិសេសទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីឈានទៅសម្រេចជោគជ័យក្នុងការបោះឆ្នោតជាតិនីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងអាណត្តិបន្តបន្ទាប់ទៀត៕