(កំពត)៖ ប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍, ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច១៥គ្រួសារ មកពីសង្កាត់ចំនួន៣ ក្នុងក្រុងកំពត ខេត្តកំពត បានទទួលការអប់រំបន្ថែម ស្ដីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន» ព្រមទាំងទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល និងកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត។

ការចុះអប់រំនេះ កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល សហការជាមួយកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត ដើម្បីចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥ ដែលប្រព្រឹត្ដទៅនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រី លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា និងការអញ្ជើញចូលរួមពីសំណាក់គ្រូបង្គោល គឺលោកស្រី មុំ ចន្ធី នាយិការរងនាយកដ្ឋានសុខភាព និងលោកបណ្ឌិត វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង និងសមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតផងដែរ។

លោកបណ្ឌិត វ៉ា សុភ័ក្ត្រ បានធ្វើបទបង្ហាញ និងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមអំពីផលប៉ះពាល់ នៃមេរោគអេដស៍ វិធីបង្ការ និងការប្រយុទ្ធទប់ស្កាត់ ដើម្បីចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥។

ពិសេសលើបញ្ហាចំពោះស្ត្រីមានផ្ទៃពោះ គឺចាំបាច់ត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យផ្ទៃពោះយ៉ាងហោចណាស់៤ដង មុនពេលសម្រាលកូន និងធ្វើតេស្តរកមើលមេរោគអេដស៍ និងស្វាយ។ ប្រសិនបើមានជំងឺស្វាយ គ្រូពេទ្យនឹងព្យាបាលឱ្យជាសះស្បើយ កុំឱ្យឆ្លងទៅកូន ឬប្រសិនបើមានមេរោគអេដស៍ គ្រូពេទ្យនឹងផ្ដល់ឱសថប្រឆាំងមេរោគអេដស៍ ដើម្បីបង្ការការចម្លងពីម្ដាយទៅកូនផងដែរ។ ប៉ុន្តែបើមិនបានព្យាបាល ឬប្រើថ្នាំត្រឹមត្រូវ នឹងបង្ករផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ អាចឈានដល់ការស្លាប់ក្នុងផ្ទៃ, ការកើតមកហើយស្លាប់ ឬក៏កើតមកមានជំងឺប្រចាំកាយ និងប៉ះពាល់ដល់សតិបញ្ញាផងដែរ។

ព្រមជាមួយគ្នានោះ លោក លាង ហៃ ជាវតាយ ដែលបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងជាឥស្សរជនឆ្នើមថ្នាក់ជាតិការងារអេដស៍ និងការងារសុខភាពស្ត្រីសុខភាពស្ត្រី និងកុមារ លោកស្រីក៏បានអំពាវនាវដល់បងប្អូនស្ត្រី ដែលចង់បានកូន គឺត្រូវព្យាយាមធ្វើយ៉ាងណាឱ្យមានកូនតាមផែនការ ជាជាងមានដោយចៃដន្យ ពីព្រោះថាប្រសិនបើយើងមានផែនការច្បាស់លាស់ គឺយើងបានរៀបចំផែនការជាការស្រេចជាមុន អំពីប្រាក់កាស ត្រៀមការងារ ត្រៀមទៅទទួលសេវាសុខភាព ព្រមទាំងការថែទាំសុខភាពខ្លួនឯង និងកូនផងដែរ។

ក្នុងឱកាសចុះអប់រំផ្សព្វផ្សាយពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន» ក៏មានការផ្សព្វផ្សាយបន្ថែមអំពីស្ថានភាពបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ផងដែរ ដោយលោកស្រី មុំ ចន្ធី បានលើកឡើងថា ស្ថានភាពជំងឺកូវីដ-១៩ ជាបញ្ហាសកល និងបានបង្ករផលប៉ះពាល់ដល់សុខភាពសាធារណៈ ព្រមទាំងប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចសង្គមផងដែរ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារជំងឺនេះ តាមរយៈការផ្ដល់ជាជំនួសមនុស្សធម៌ ក៏ដូចជាការខិតខំស្វែងរកវ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយឥតគិតថ្លៃ។

លោកស្រីបន្តថា ដើម្បីបង្ការជំងឺនេះ គឺទាមទារឱ្យយើងទាំងអស់គ្នា ចូលរួមគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាល ពិសេសវិធាន ៣កាពារ និង៣កុំ គឺកុំ។ ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ ក្នុងករណីមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងអំឡុងពេលមានផ្ទៃពោះ សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីរកសេវាព្យាបាលប្រកបដោយសុវត្ថិភាពទាំងម្ដាយ និងទារកផងដែរ។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល និងសាខាខេត្តកំពត បានផ្ដល់អំណោយមនុស្សធម៌ ជាសម្ភារប្រើប្រាស់ដូចជា កញ្ចប់អនាម័យ សម្ភារផ្ទះបាយ ស្បៀងអាហារ និងថវិកា ១០ម៉ឺនរៀល ហើយប្រតិភូកាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្ដាល និងសាខាខេត្តកំពត ក៏បានបន្តអញ្ជើញសួរសុខទុក្ខដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ចំនួនពីរគ្រួសារ រស់នៅក្នុងក្រុងកំពត ខេត្តកំពត និងបានផ្ដល់នូវអំណោយមនុស្សធម៌ផងដែរ៕