(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានអះអាងថា សមត្ថកិច្ចមានភារកិច្ចតាមដានឃ្លាំមើលនូវរាល់សកម្មភាពរបស់ក្រុមឧទ្ទាមដែលកំពុងតែប្រព្រឹត្តបទល្មើស និងរៀបចំគម្រោងបង្កអសន្តិសុខក្នុងសង្គមនៅកម្ពុជា។

ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី ក្រុមឧទ្ទាមក្រៅច្បាប់ បានឃោសនាថា ការចូលទៅកាន់ Zoom របស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំតាមអនឡាញមួយរបស់ ក្រុមប្រឆាំង នាពេលកន្លងទៅ គឺការរំលោភភាពឯកជន។

តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ លោក គឹម សន្តិភាព បានអះអាងថា អាជ្ញាធរមានសមត្ថកិច្ច មានភារកិច្ចក្នុងការត្រួតពិនិត្យបទល្មើស កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលវត្ថុតាង!

លោកបានបន្តថា៖ «អំពើបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយដែលតុលាការសម្រេចរំលាយជាស្ថាពរ គឺជាអំពើល្មើសច្បាប់! មធ្យោបាយប្រមូលភស្តុតាងពីជនល្មើស តាមរយៈការស្តាប់តាមទូរស័ព្ទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបានអនុញ្ញាតដោយអនុលោមតាមច្បាប់! ហេតុនេះ សមត្ថកិច្ចមានភារកិច្ចតាមដានឃ្លាំមើលនូវរាល់សកម្មភាពរបស់ក្រុមឧទ្ទាមដែលកំពុងតែប្រព្រឹត្តបទល្មើស និងរៀបចំគម្រោងបង្កអសន្តិសុខក្នុងសង្គមនៅកម្ពុជា!»

ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការចូលស្តាប់ Zoom នេះដែរ គឺដើម្បីតាមដានក្រុមក្បត់ជាតិ ព្រោះពួកគេមានផែនការប្រជុំរៀបគម្រោងក្បត់ជាតិ។ មិនតែប៉ុណ្ណោះ ក៏ចង់បង្ហាញមុខដល់ពួកគេ ដែលឃោសនាបំភ្លៃថា សម្តេចបាត់បង់ជីវិតនោះ ឱ្យបានភ្លឺភ្នែកផងដែរ។ សម្តេចបញ្ជាក់ថា សម្តេចមិនមែនចូលស្តាប់ Zoom របស់ក្រុមប្រឆាំងលើកទី១នោះទេ គឺសម្តេចបានចូលស្តាប់ប្រហែល ២០ដងហើយ ដោយមនុស្សរបស់សម្តេចបានថតឃ្លីបទុកជាង ៥០ផងដែរ។

គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកាត់ទោសរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញគណបក្សនេះឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ អតីតថ្នាក់ដឹកនាំបក្សនេះចំនួន១១៨រូប ត្រូវបានតុលាការកំពូល ហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។

ទណ្ឌិត សម រង្ស៉ី ដែលបង្កើតចលនាឧទ្ទាមក្រៅច្បាប់ជាបន្តបន្ទាប់ ក្រោយរលាយបក្សនេះ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបានតុលាការ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ ក្រៅពីកាត់ទោស លោក សម រង្ស៉ី, តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ ឧបឃាត តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩៕